Sunday, July 2, 2017

ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ (ប្រធានបែបពិភាក្សា)

ប្រធាន៖ មានទស្សនៈមួយពោលថា "ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។ តើមតិនេះត្រឹម​ត្រូវដែរ ឬទេ? ចូរពិភាក្សាដោយលើកយកសេចក្តីអះអាងមកបញ្ជាក់។


សេចក្តីអធិប្បាយ
         នៅក្នុងសកលលោកយើងនេះ គេសង្កេតឃើញប្រទេសដែលនៅភូមិផងក្បែររបងជាមួយគ្នា តែងតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកលើគ្រប់វិវស័យ។ ក្នុងនោះដែរគេសង្កេតឃើញ​ការប្រើប្រាស់ភាសាខ្មែរភាគច្រើនបានខ្ចីមកពីភាសាបាលីសំស្រ្កឹត ដែលជាហេតុនាំឲ្យមានទស្សនៈ​មួយពោលថា "ភាសាបាលី សំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។
         តើមតិខាងលើនេះត្រឹមត្រូវដែរ ឬទេ?
         ដើម្បីជាជំនួយក្នុងការបកស្រាយវែកញែករកឲ្យឃើញច្បាស់នូវទស្សនៈខាងលើ ជាបឋម​យើងត្រូវយល់ន័យនៃពាក្យគន្លឹះជាមុនសិន។ "ភាសា" គឺជាពាក្យ ឬសម្តីដែលប្រើសម្រាប់ទាក់ទង​គ្នា ឬសម្តែងមនោសញ្ជេតនាប្រាប់គ្នាទៅវិញទៅមក។ "ម្តាយ" ជាអ្នកបង្កើត ឬជាអ្នកឲ្យកំណើត។ តាមន័យរបស់ប្រធានខាងលើ គឺភាសាបាលី សំស្រ្កឹតជាអ្នកឲ្យកំណើតដល់ភាសាខ្មែរ។
          តាមទស្សនៈដែលថាភាសាបាលី សំស្រ្កឹតជាម្តាយនៃភាសានោះគឺពិតជាប្រាកដណាស់ ព្រោះថាភាសាបាលីសំស្ក្រឹតមានដើមកំណើតនៅឥណ្ឌា ហើយបើតាមប្រវត្តិសាស្ត្រខ្មែរឃើញថា​ខ្មែរមានទំនាក់ទំនងជាមួយឥណ្ឌាតាំងពីសតវត្សទីមួយមកម្ល៉េះ។ ដូច្នេះឥណ្ឌាប្រាកដជាបាននាំ​ភាសាបាលី សំស្រ្កឹតមានកម្រិតខ្ពស់ និងបរិមាណច្រើនណាស់ក្នុងភាសាខ្មែរយើង ទាំងភាសា​និយាយ និងសរសេរ។ ឧទាហរណ៍សិលាចារឹករបស់ខ្មែរសុទ្ធតែសរសេរជាភាសាបាលី សំស្រ្កឹត រីឯ​ការប្រាស្រ័យទាក់ទងគ្នានៅសម័យមុនគឺយកភាសាបាលីសំស្រ្កឹតជាភាសាយាន ឬភាសាផ្លូវការ​ទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះភាសាបាលីសំស្រ្កឹតនៅតែមានឥទ្ធិពលលើភាសាខ្មែរភាគ​ច្រើនដដែល។​ ឧទាហរណ៍ ស្ថាប័ត្យកម្ម វប្បធម៌ ឯករាជ្យ សិល្ប៍...។ល។ មិនតែប៉ុណ្ណោះនៅតាម​វត្ត​អារាមការប្រើប្រាស់ភាសាបាលីសំស្រ្កឹតនៅតែពេញនិយម គឺព្រះសង្ឃសូត្រធម៌ជាភាសាបាលី​ សំស្រ្កឹតទោះសម្រាយជាខ្មែរក៏នៅតែសូត្រជាភាសាបាលីសំស្រ្កឹតដូចមុនដដែល។ ភស្តុតាងមួយ​ទៀតនេះ គឺផ្អែកទៅលើការស្រាវជ្រាវធំៗអន្តរជាតិដូចជា លោក J. Tau Pan ថា "ភាសាបាលី សំស្រ្កឹតជាមាតានៃភាសាខ្មែរ"។ សរុបសេចក្តីមកផ្អែកលើភស្តុតាងខាងលើនេះបានបង្ហាញយ៉ាង​ច្បាស់ថាភាសាបាលី សំស្ក្រឹតពិតជាមាតានៃភាសាខ្មែរមែន។
         ផ្ទុយទៅវិញបើយើងពិនិត្យឲ្យល្អិតល្អន់ម៉ត់ចត់ជាងនេះទៅទៀតឃើញថាភាសាបាលីសំស្រ្កឹត​ពុំមែនជាមាតានៃភាសាខ្មែរទេ។ និយាយដូចនេះ ព្រោះថាភាសាខ្មែរមានដើមកំណើតតាំងពីយូរ​លង់ណាស់មកហើយ គឺតាំងពីកំណកំណើតមនុស្សខ្មែរមកម៉្លេះ គឺប្រមាណ ៥០០០ឆ្នាំមុនគ.ស។ លើសពីនេះទៅទៀត ភាសាខ្មែរត្រូវបានពួកភាសាវិទូចាត់ចូលក្នុងអំបូរភាសាធំៗគឺអំបូរ "ខ្មែរមន" ខុសពីភាសាបាលីសំស្ក្រឹតរបស់ឥណ្ឌាស្ថិតនៅក្នុងអំបូរ "ឥណ្ឌូអឺរ៉ុប"។ ដូចគ្នានេះដែរភស្តុតាង​ដែលយើងហ៊ានកំណត់ច្បាស់ថាភាសាបាលីសំស្ក្រឹតមិនមែនជាម្តាយនៃភាសាខ្មែរ គឺនៅត្រង់ភា​សាខ្មែរមានលក្ខណៈពិសេសប្លែកពីបាលីសំស្ក្រឹតដូចជា ក្នុងការបន្លឺសម្លេង ភាសាខ្មែរគ្មានការ​លើកដាក់សម្លេងទេ ហើយមានចំនួនព្យាង្គតិច (ពីរព្យាង្គយ៉ាងច្រើន) ខុសពីភាសាបាលីសំស្កឹ្រត​មានចំនួនព្យាង្គច្រើន (បួន ឬប្រាំព្យាង្គ)។ ចំណែកស្រៈ និងព្យញ្ជនៈខ្មែរមានមូលភេទ អ អ៊ ហើយ​មានស្រៈកប់តួនៅក្នុងព្យាង្គទៀតផង។ លក្ខណៈពិសេសមួយទៀតគឺការបង្កើតពាក្យខ្មែរមានប្រើ​វិធីកំលាយដោយផ្នត់ដើម និងផ្នត់ជែក និងវិធីបន្សំ។ ឧទាហរណ៍ កើត > បង្កើត, កំណើត, ខ្នើត...។ ចំពោះលិង្គ និងវចនៈវិញភាសាខ្មែរគ្មានទេ ប៉ុន្តែយើងប្រើពាក្យសម្គាល់ដូចជាញី ឈ្មោល...។ ម្យ៉ាង​វិញទៀតភាសាខ្មែរក៏គ្មានក្បួនសម្ព័ន្ធងាយស្រួលក្នុងការបង្កើតប្រយោគ ព្រមទាំងមិនមានវិភត្តិដូច​ជាភាសាបាលីសំស្រ្កឹតទេ។ ប្រការសំខាន់គឺភាសាខ្មែរមានការវិវត្តិចំនួន៣ដំណាក់កាលមកហើយ គឺភាសាខ្មែរបុរាណ (ចាប់ដើមកំណើតមនុស្សខ្មែរ រហូតដល់សតវត្សទី១៥) ភាសាខ្មែរកណ្តាល (ចាប់ពីសតវត្សទី១៦ រហូតដល់សតវត្សទី១៩) និងភាសាខ្មែរបច្ចុប្បន្ន (ចាប់ពីសតវត្សទី២០ រហូត​មក)។ សរុបសេចក្តីមកភាសាបាលីសំស្ក្រឹតមិនមែនជាភាសាមេនៃភាសាខ្មែរនោះទេ គឺភាសាខ្មែរ​ជាអត្តសញ្ញាណរបស់ខ្មែរ និងស្ថិតនៅជាប់នឹងព្រលឹងរបស់ខ្មែរជារៀងរហូតដែលគ្មានបរទេសណា​មកបំភ្លៃបានឡើយ។
         ឆ្លងតាមការបកស្រាយ វែកញែកត្រួសៗមកយើងឃើញថាមតិស្របមិនទាន់ត្រឹមត្រូវទេ ព្រោះ​ភាសាបាលីសំស្ក្រឹតគ្រាន់តែជាកំចីបង្គ្រប់កង្វះខាតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតការប្រើប្រាស់ត្រូវបាន​យកមកច្នៃជាលក្ខណៈខ្មែរពិតៗ។ ឯមតិផ្ទុយវិញពិតជាត្រឹមត្រូវព្រោះយើងបានបង្កើតភាសាដោយ​ខ្លួនឯងតាំងពីខ្មែរមិនទាន់ទទួលវប្បធម៌ពីឥណ្ឌាមកម្ល៉េះ។ ហើយការយកភាសាបាលីសំស្រ្កឹតក៏​ត្រូវ​កែសម្រួលដើម្បីតម្រូវតាមទស្សនៈខ្មែរទាំងសូរសព្ទ និងរូបសព្ទ។ 
          ជាយោបល់បញ្ចប់ មតិរបស់ប្រធានដែលបានលើកឡើងមិនត្រឹមត្រូវទេ ព្រោះភាសាខ្មែរមាន​លក្ខណៈពិសេសរបស់ខ្លួន។ ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវតែស្វែងយល់ឲ្យច្បាស់​លាស់ និងស៊ីជម្រៅទៅលើអ្វីដែលជាលក្ខណៈពិសេសរបស់ជាតិខ្លួន និងត្រូវលើកស្ទួយវប្បធម៌​ជាតិឲ្យកាន់តែថ្កុំថ្កើន និងគង់វង្សជារៀងរហូត។

មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំមនុស្សទៅរកភាពថ្លៃថ្នូរបាន (ប្រធានបែបពិភាក្សា)


ប្រធាន៖ មានមតិមួយលើកឡើងថា "មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំ​មនុស្សទៅរកភាពថ្លៃថ្នូរបាន" ចុះអ្នកវិញយល់យ៉ាងណា? ចូរពិចារណា។


សេចក្តីអធិប្បាយ
         មនុស្សម្នាក់ៗនៅលើពិភពលោកយើងនេះ សុទ្ធតែមានបំណងប្រាថ្នាចង់រស់នៅមានសុភ​មង្គល មានកិត្តិយស មានការងារល្អធ្វើនៅក្នុងសង្គម។ ដើម្បីសម្រេចបាននូវគោលបំណងនេះ លុះ​ត្រាតែម្នាក់ៗតោងចាប់យកចំណេះវិជ្ជាឲ្យបានមត់មាំ និងជ្រៅជ្រះ លុះត្រាតែម្នាក់ៗតោងចាប់យក​ចំណេះវិជ្ជាឲ្យបានមត់មាំ និងជ្រៅជ្រះ ទើបជីវិតមានភាពភ្លឺស្វាងត្រចះត្រចង់។ ហេតុដូច្នេះហើយ​ទើបមានមតិមួយលើកឡើងថា "មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំមនុស្សទៅ​រកភាពថ្លៃថ្នូរបាន"។ 
         តើមតិនេះត្រឹមត្រូវដែរ ឬទេ?
         មុននឹងពិភាក្សាវែកញែកនូវប្រធានខាងលើឲ្យបានក្បោះក្បាយហើយគប្បីយល់នូវពាក្យខ្លះៗ​ជាមុនសិន។ ចំណេះវិជ្ជាមានន័យថា ចំណេះដឹងសព្វបែបយ៉ាងដែលកើតពីការរៀនសូត្រគ្រប់មុខ​វិជ្ជា។ ឯភាពថ្លៃថ្នូរមានន័យថាភាពដែលគួរឲ្យអ្នកផងស្រឡាញ់រាប់អាន និងកោតសរសើរ។ ប្រ​ធានបទខាងលើនេះចង់និយាយថាមានតែចំណេះដឹងតែមួយមុខគត់ដែលធ្វើឲ្យមនុស្សមានតម្លៃ មានការកោតសរសើរ និងមានការស្រឡាញ់រាប់អានពីអ្នកដទៃ។ 
          ជាការពិតណាស់ មានតែចំណេះវិជ្ជាទេដែលបានជួយមនុស្សឲ្យថ្កុំថ្កើងបាន ព្រោះចំណេះ​គឺ​ជាឃ្លាំងទ្រព្យ កាលណាមានចំណេះវិជ្ជាហើយ គេអាចយកចំណេះវិជ្ជានេះទៅប្រកបរបរបាន​គ្រប់យ៉ាងតាមជំនាញរបស់គេ។ ទ្រព្យនៃចំណេះវិជ្ជាគឺជាអរិយទ្រព្យ គឺទ្រព្យដ៏ប្រសើរ ងាយទុក​ស្រណុកដាក់ ពេលទៅណាមកណាមិនពិបាកវេចស្ពាយតាមផ្លូវដូចទ្រព្យនានា។ ទ្រព្យនេះចោរ​លួចមិនបាន ភ្លើងឆេះមិនដល់ កាលណាគេប្រើកាន់តែច្រើនកាន់តែចម្រើនឡើងថែមទៀត។ លើសពីនេះទៅទៀតចំណេះវិជ្ជាគឺជាអាវុធដ៏មុតថ្លាអាចកាប់ឆ្ការបាននូវឪបសគ្គតូចធំទាំងពួងបាន។
សូម្បីតែព្រះភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ ជាកវីខ្មែរដ៏ឆ្នើមមួយរូបក៏បានលើកតម្កើងពីតម្លៃនៃការវិជ្ជា​នេះដែរ ដូចត្រង់ចំណុចថា "បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ"។ ចំណែកនៅក្នុងអក្សរសិល្ប៍ខ្មែរក៏បានលើកឡើង​ពីគុណប្រយោជន៍នៃចំណេះវិជ្ជាតាមរយៈរឿងនីមួយៗដូចជាធនញ្ជ័យពេលទៅនៅស្រុកចិន ធនញ្ជ័យចេះធ្វើនំបញ្ចុកលក់ដោះស្រាយបញ្ហាជីវភាព។ លុះជាប់គុកសំរិទ្ធ ធនញ្ជ័យចេះធ្វើខ្លែងឯក​បញ្ឆោតស្តេចស្រុកចិនបានរួចខ្លួនចេញពីគុកវិញ។ រីឯនៅក្នុងរឿង "ទុំទាវ" នេះទុំ និងពេជ្រចេះ​ស្មូត្រ​បានយ៉ាងពិរោះធ្វើឲ្យអ្នកភូមិស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។ ចំណែកក្នុងរឿង "រាមកេរ្តិ៍" ព្រះ​រាមមានចំណេះវិជ្ជាយ៉ាងខ្លាំងក្លា ធ្វើឲ្យព្រះរាមអាចលើកធ្នូសរបស់ព្រះបាទជនកបាន កិត្តិយសព្រះ​រាមល្បីរន្ទឺពេញឋានទាំងបី។ បើយើងក្រឡេកទៅមើលចៅចិត្រ ក្នុងរឿង "កុលាបប៉ៃលិន" វិញ ក៏​មិនអន់ដែរពីឋានៈជាកម្មករជីកត្បូង រហូតក្លាយជាអ្នកកាន់បញ្ជី និងជាកូនប្រសាររបស់ថៅកែត្បូង​ថែមទៀត ក៏ដោយសារចៅចិត្របានប្រើប្រាស់ចំណេះវិជ្ជាដែលបានខិតខំក្របជញ្ជក់ទុកមក។ សរុបសេចក្តីមក ឃើញថាមានតែចំណេះវិជ្ជានេះហើយដែលនាំឲ្យមនុស្សមានភាពថ្លៃថ្នូរ ឧត្តុង្គ​ឧត្តមបាន។
         តើចំណេះវិជ្ជាសុទ្ធតែអាចដឹកនាំមនុស្សឲ្យទៅរកភាពថ្លៃថ្នូរបានទាំងអស់ ឬយ៉ាងណា? មិន​ដូច្នេះទេ ចំណេះវិជ្ជាមួយមុខមិនអាចដឹកនាំមនុស្សឲ្យមានភាពថ្លៃថ្នូរបានឡើយ ត្រូវមានកត្តារួម​ផ្សេងទៀត គឺសីលធម៌។ មានន័យថាបើមានតែចំណេះវិជ្ជា តែខ្វះសីលធម៌ប្រាកដជាយកទៅ​អនុ​វត្ត​ខុសទិសដៅ ឬប្រយោជន៍រួមហើយ គឺបំពេញតែមហិច្ចតាផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ឧទាហរណ៍ អាវុធ​ប្រល័យលោក បំផ្លាញពិភពលោកទាំងមូលឲ្យវិនាសហិនហោច ឬអ្នកខ្លះយកចំណេះទៅផលិត​ថ្នាំ​ញៀន ធ្វើឲ្យចលាចលពេញសង្គមទាំងមូល។ នេះបញ្ជាក់ថា ចំណេះវិជ្ជាបើគ្មានសីលធម៌ទេ ទោះ​ជាចេះយ៉ាងណាក៏ដោយក៏គ្មានតម្លៃសម្រាប់មនុស្សជាតិ ឬឲ្យគេគោរពដែរ។ ប៉ុន្តែបើចំណេះវិជ្ជា​គួបផ្សំនឹងសីលធម៌ទៀត ប្រាកដជាធ្វើឲ្យបុគ្គលនោះកាន់តែមានគុណតម្លៃលើសលប់សម្រាប់ជន​ទាំងពួងមិនខាន។ ដូចជាអាចារ្យហែមចៀវ លោកបានយកចំណេះវិជ្ជារបស់ខ្លួនប្រកបដោយសីល​ធម៌ វិចារណញ្ញាណទៅបម្រើឧត្តមប្រយោជន៍ជាតិ តស៊ូទាមទារឯករាជ្យពីបារាំង។ កិត្តិនាមរបស់​លោកត្រូវបានកូនចៅខ្មែរចារទុកក្នុងគ្រាំងប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន។ ចំណែកព្រះបាទជ័យ​វរ្ម័នទី៧ ក៏ដូចជាព្រះនាងឥន្ទ្រទេវីក្សត្រទាំងពីរបានប្រើប្រាស់ចំណេះរបស់ខ្លួនចំទិសដៅ ដោយ​តំកល់សុខទុក្ខរបស់រាស្ត្រក៏ដូចជាវាសនាអនាគតប្រទេសជាតិជាធំ នេះគឺជាគុណធម៌ថ្លៃថ្លាដែល​កុលបុត្រខ្មែរមួយណាទទួលស្គាល់ និងកោតស្ញប់ស្ញែងគ្រប់គ្នា។ ដូចនេះទោះជាចំណេះវិជ្ជាមាន​គ្រប់យ៉ាង យ៉ាងណាក៏ដោយក៏ពុំអាចខ្វះសីលធម៌បានឡើយ។ និយាយរួមតម្លៃរបស់មនុស្សក៏ត្រូវ​ពឹងផ្អែកលើសីលធម៌ដែរ។
         ការលើកឡើងក្នុងមតិស្របពុំទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយទេ ព្រោះគំនិតនេះត្រូវតែមួយជ្រុង​ប៉ុណ្ណោះ ទាល់តែបន្ថែមគំនិតក្នុងមតិផ្ទុយទៀតទើបគ្រប់គ្រាន់។ ដូច្នេះចំណេះវិជ្ជាដាច់ខាតត្រូវមាន​សីលធម៌ ទើបលើកតម្លៃមនុស្សឲ្យថ្លៃថ្នូរពិតប្រាកដ។
         ជាយោបល់បញ្ចប់ ឃើញថាមតិរបស់ប្រធានលើកឡើងពុំទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយទេ ដូច្នេះសូមនរជនទាំងឡាយត្រូវតែខិតខំស្វាធ្យាយរៀនរកចំណេះមកទុកដាក់ក្នុងប្រាណ គួបផ្សំនឹង​សីលធម៌ដ៏ល្អផូរផង់ដែលបព្វបុរសយើងបន្សល់ទុកមក នោះនឹងមានសុភមង្គលក្នុងគ្រួសារក៏ដូច​ជាជួយអភិវឌ្ឍសង្គមបានចំទិសដៅជានិរន្តរ៍។

ពាក្យភូតច្រើនចាញ់អាត្មា (ប្រធានបែបពិភាក្សា)


ប្រធាន៖ ក្នុងពុទ្ធិឱវាទបានអប់រំកុំឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរសខ្មែរក៏បានប្រដៅអប់រំកុំឲ្យ​ភូតកុហកដែរ។ ដូច្នេះទើបមានមតិមួយពោលថា "ពាក្យភូតច្រើនចាញ់អាត្មា"។ តើពាក្យភូតពិតជា​​ចាញ់អាត្មាមែនដែរ ឬទេ? ចូរពិភាក្សាដោយលើកយកអំណះអំណាងក្នុងការរស់នៅ និងក្នុងអក្សរ​សិល្ប៍មកបញ្ជាក់។


សេចក្តីអធិប្បាយ
         អណ្តាតមានតួនាទីសម្រាប់គ្រលាស់បញ្ចេញសូរសៀងពាក្យសម្តីសម្រាប់ប្រាស្រ័យទាក់ទង​គ្នា។ ប៉ុន្តែពាក្យពេចន៍ដែលរលាស់ចេញមកនោះអាចមានប្រយោជន៍ ឬគ្មានប្រយោជន៍ ពាក្យពិត ឬមិនពិត អាស្រ័យលើចេតនា វិចារណញ្ញាណរបស់អ្នកនិយាយ។ អាស្រ័យហេតុនេះទើបព្រះសម្មា​សម្ពុទ្ធបានបញ្ញត្តិនៅក្នុងនិច្ចសីលត្រង់សិក្ខាបទទី៤ មិនឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរស​ខ្មែរក៏បានអប់រំប្រៀនប្រដៅដល់បុត្រធីតាកុំឲ្យពោលពាក្យកុហកដែរ ដោយលោកបានលើកជាសុ​ភាសិតមួយឃ្លាថា "ពាក្យភូតច្រើនចាញ់អាត្មា"។
        តើពំនោលខាងលើពិតជាត្រឹមត្រូវទាំងស្រុង ឬទេ?
         មុននឹងបកស្រាយប្រធានខាងលើឲ្យបានក្បោះក្បាយល្អ យើងគប្បីយល់នូវពាក្យគន្លឹះមួយ​ចំនួនជាមុនសិន។ "ភូត" មានន័យថាកុហក និយាយមិនពិត បោកប្រាស់ពោលពាក្យមិនទៀងត្រង់ ឯ"អាត្មា" គឺសម្តៅលើខ្លួនយើងផ្ទាល់។ អត្ថន័យរបស់ប្រធានខាងលើចង់និយាយថា "ពាក្យភូតកុ​ហកបោកប្រាស់ច្រើននាំទុក្ខដល់ខ្លួនវិញ"។
       ជាទូទៅមនុស្សយើងប្រាស្រ័យទាក់ទងគ្នាតាមរយៈពាក្យសម្តី។ ដូចនេះពាក្យសម្តីត្រូវតែជា​ពាក្យពិត ពាក្យមានប្រយោជន៍ ពាក្យសច្ចៈ មិនត្រូវកុហកបោកប្រាស់គ្នា។ ការដែលទម្លាប់និយាយ​កុហកភូតភរនេះលោកចាស់ទុំបុរាណយើងបានប្រដៅថា "ពាក្យភូតច្រើនចាញ់អាត្មា" មានន័យថា​ការដែលយើងកុហកគេ លុះពេលគេដឹងការពិតគេនឹងស្អប់ ឬប្រទេចផ្តាសាធ្វើឲ្យខ្លួនអាម៉ាស ត្រូវ​អ្នកជិតខាងមើលងាយ ស្អប់ខ្ពើមលែងចង់និយាយរកថែមទៀតផង។ ជួនកាលពាក្យមុសានោះ​បណ្តាលឲ្យអន្តរាយដល់ខ្លួនឯង និងគ្រួសាររបស់ខ្លួនទៀត។ ទីបំផុតក៏មានវិប្បដិសារីស្តាយនូវ​ទង្វើ​ដែលខ្លួនបានប្រព្រឹត្តរួចទៅហើយ ទោះជាចង់កែក៏ហួសពេលទៅហើយដែរ។ ពាក្យមុសានេះ បើ​តាមទ្រឹស្តីពុទ្ធសាសនានឹងធ្វើឲ្យអ្នកនិយាយមានបាបកម្មធ្លាក់នរក ហើយត្រូវទទួលទណ្ឌកម្មទៅ​តាមកម្រិតទោសនៅឋាននរកនោះ។ ទោះបីជាមិនទាន់ស្លាប់ធ្លាក់នរកក៏ដោយ ក៏កម្មពៀរនៃ​ពាក្យ​មុសានោះមកលងអន្ទោលជាប់ប្រាណជាប្រចាំ។ ឧទាហរណ៍អ្នកលក់ដូរ អាជីវករ ឬពាណិជ្ជករ​ដែលយកទំនិញក្លែងក្លាយហួសកំណត់មកលក់ដោយនិយាយបោកប្រាស់អ្នកទិញថាល្អ សុទ្ធ លុះ​ពេលគេយកទៅប្រើពុំដូចអ៊ីចឹង គេនឹងជេរផ្តាសាឲ្យលក់លែងដាច់ជាដើម ហើយគេនឹងឈប់ទិញ​ទំនិញអ្នកនោះរហូត។ រីឯព្រះសង្ឃដែលតែងតែពោលពាក្យមុសា បោកប្រាស់ពុទ្ធបរិស័ទឲ្យគេ​ជឿ​ជាក់លើខ្លួនដើម្បីបានលាភសក្ការៈច្រើន លុះយូរទៅគេដឹងការពិតក៏ខ្មាសគេ ហើយបើតាមវិន័យ​ពុទ្ធសាសនាគឺត្រូវទទួលអាបត្តិ ព្រមទាំងត្រូវគេចាប់ផ្សឹកជាដើម។ ចំណែកអ្នកនយោបាយវិញក៏​ដូចគ្នាដែរ អ្នកនយោបាយណាដែលដើរតែបោកប្រាស់រាស្ត្រ ដោយសន្យាគ្រប់បែបយ៉ាងដើម្បីឲ្យ​រាស្រ្តបោះឆ្នោតឲ្យ។ ក្រោយពេលជាប់ឆ្នោត ហើយក៏ក្បត់ពាក្យសន្យា ប្រើឫកក្រអើតក្រទមដាក់​ប្រជារាស្ត្រវិញ។ អ្នកនយោបាយនោះនឹងត្រូវរាស្ត្រស្អប់ខ្ពើម ហើយឈប់បោះឆ្នោតឲ្យជារៀងរហូត បើយើងក្រលេកមើលក្នុងរឿងព្រះវេស្សន្តរ ជូជកបានទៅកុហកព្រះបាទស្រីសញ្ជ័យដើម្បីយក​ជាលីក្រស្នាមកដូរជាមាសប្រាក់ និងរបស់ទ្រព្យផ្សេងៗ។ ទីបំផុតក៏ត្រូវបាបកម្មបែកពោះស្លាប់យ៉ាង​ទាន់ហន់។ ចំណែកក្នុងរឿងធនញ្ជ័យលោកសេដ្ឋីបានបោកប្រាស់ធនញ្ជ័យដោយយកអំបុកមក​ពង្រាយលើចង្អេរឲ្យធនញ្ជ័យថាអំបុកច្រើន។ លុះពេលធនញ្ជ័យដឹងការពិតហើយធនញ្ជ័យក៏​តាម​ផ្ចាញ់លោកសេដ្ឋីគ្រប់ពេល។ រីឯក្នុងរឿងរាមកេរិ៍វិញ ដោយសារព្រះរាមចង់ឲ្យនាងសីតាត្រឡប់មក​រកខ្លួនវិញ ព្រះរាមបានបញ្ជាឲ្យគេរៀបចំពិធីបុណ្យសពក្លែងក្លាយមួយដើម្បីបញ្ឆោតនាងសីតា។ ដំបូងនាងសីតាស្មានថាមែនទែន ក៏ទួញយំសោកបោកខ្លួននៅទល់មុខកោដិដែលព្រះរាមពួននៅ​ក្នុងនោះ។ លុះគ្រាដឹងការពិតថាព្រះរាមមិនទាន់ស្លាប់ នាងសីតារឹតតែខឹង រឹតតែស្អប់ព្រះរាមខ្លាំង​ឡើង និងត្មះតិះដៀលព្រះរាមជាច្រើន។ ជារួមមកយើងឃើញថាការពោលពាក្យកុហកភូតភរនេះ​មិនត្រឹមតែធ្វើឲ្យអ្នកដទៃក្តៅក្រហាយប៉ុណ្ណោះទេ ថែមទាំងមានទុក្ខដល់ខ្លួនវិញដូចពាក្យចាស់​លោក​ថាមែន។
         តើពាក្យកុហកសុទ្ធតែនាំទុក្ខដល់ខ្លួន ឬយ៉ាងណា? មិនប្រាកដទាំងស្រុងនោះទេ។ ពាក្យចាស់​មួយឃ្លាលោកពោលថា "ផ្លូវវៀចកុំបោះបង់" មានន័យថាពាក្យកុហកខ្លះក៏មានប្រយោជន៍ដែឬ។ ពាក្យកុហកនាំឲ្យយើងមានការរីកចម្រើនអាចធ្វើឲ្យគេជឿទុកចិត្ត និងធ្វើឲ្យរស់នៅចុះសម្រុងក្នុង​សង្គម និងអាចរក្សាអាយុជីវិតបានទៀតផង។ ជាក់ស្តែងនៅសម័យប៉ុលពត អ្នកណាមួយដែល​ហ៊ាននិយាយការពិតថាខ្លួនជាគ្រូបង្រៀន វិស្វករ ឬជាបញ្ញវ័ន្ត... ប្រាកដជាត្រូវពួកឃាតករអាវខ្មៅ​យកទៅសម្លាប់ចោលភ្លាម។ ដូច្នេះពួកគេត្រូវតែអនុវត្តទ្រឹស្តី "លាក់ការណ៍ខ្ពស់រស់បានយូរ" ថាជា​កសិករគ្មានបានរៀនសូត្រ គ្មានចំណេះដឹងអ្វីទេ ទើបអាចរក្សាជីវិតបានដល់សព្វថ្ងៃ។​ ចំពោះ​អ្នក​លក់ដូរវិញ បើមិនចេះអួតរបស់ខ្លួនឯងខ្លះ តើមានអ្នកណាគេមកទិញទំនិញខ្លួន។​ ចំពោះអ្នកនយោ​បាយ បើមិនចេះនិយាយកុហកគេខ្លះធ្វើម៉េចគេនឹងឆាប់ជឿហើយបោះឆ្នោតឲ្យ។ មិនតែប៉ុណ្ណោះ ពាក្យកុហកខ្លះក៏ធ្វើឲ្យមនុស្សមានរបៀបរបបសីលធម៌វិន័យថ្លៃថ្នូរផងដែរ ដូចជាចាស់ៗតែងកុហក​ក្មេងថាស៊ីបាយដេកដុះកន្ទុយជាក្រពើជាដើម ក្នុងគោលបំណងចង់ឲ្យក្មេងមានសណ្តាប់ធ្នាប់ល្អ​ក្នុងពេលទទួលទានអាហារ។​ ល។ មួយវិញទៀតការនិយាយពាក្យពិតនៅពេលខ្លះធ្វើឲ្យមនុស្ស​ស្លុត ភិតភ័យក៏មានដូចជាហោរាទស្សន៍ទាយកាលបើគន់គូរឃើញថាអ្នកទាយនោះមានគ្រោះ​អាសន្នខ្លាំងហើយនិយាយត្រង់ៗនោះអាចឲ្យអ្នកទាយភិតភ័យខ្លាំង ហើយនឹកឃើញតែសម្តីហោរ​ក្លាយទៅជាឈឺក៏មាន។ បើយើងក្រលេកមើលនៅក្នុងអក្សរសិល្ប៍រឿងតាថេន និងចៅសន យើង​ឃើញថាតាថេន និងបក្សពួកដើរកុហកបោកប្រាស់អ្នកស្រុកថាខ្លួនជាគ្រូសិល្ប៍ខ្លាំង ពូកែអាច​បណ្តេញព្រាយបិសាចបាន អ្នកស្រុកក៏ជឿស្លុងហើយនាំគ្នាយកបាយសំលនំចំណីមាសប្រាក់ទៅ​ឲ្យតាថេនគ្រប់ៗគ្នា។ ចំណែកចៅសនឃើញតាថន និងបក្សពួកលួចផឹកស្រា ស៊ីសាច់ក៏យក​ដំណើរនេះទៅប្រាប់អ្នកស្រុកត្រង់ៗ តែផ្ទុយទៅវិញគ្មានអ្នកណាម្នាក់ជឿចៅសនឡើយ ថែមទាំង​ចាប់ចៅសនយកទៅឲ្យតាថេនវាយធ្វើបាបយ៉ាងដំណំថែមទៀតផង។​ ចៅសនទ្រាំនឹងរំពាត់លែង​បានក៏និយាយកុហកតាមតាថេនប្រាប់ទើបរួចខ្លួន។ ចំណែកនៅក្នុងរឿងព្រះវេស្សន្តរជាតកវិញ នាងមទ្រីបានយល់សុបិនចម្លែក ហើយប្រាប់ទៅព្រះវេស្សន្តរកាត់សប្តិឲ្យព្រះវេស្សន្តរទ្រង់ដឹង​ច្បាស់ថាសុបិននិម្មិតនោះមិនល្អទេ តែព្រះអង្គខ្លាចនាងមទ្រីពិបាកព្រះទ័យក៏បង្វែរថាជារឿងល្អ​ទៅ​វិញ។ រីឯតាជូជកក្នុងពេលមានអសន្ននោះ បើគាត់មិនរកវិធីនិយាយកុហកចេតបុត្រទេប្រាកដ​ជា​នឹងត្រូវស្លាប់កណ្តាលព្រៃជាមិនខាន។ សរុបសេចក្តីមកយើងឃើញថាពាក្យកុហកមិននាំទុក្ខដល់​ខ្លួនវិញទេ ថែមទាំងជួយឲ្យមានសេចក្តីសុខទៀតផង។
         ឆ្លងតាមការវិភាគវែកញែកនូវមតិស្រប និងមតិផ្ទុយយើងឃើញថាពាក្យកុហកនាំមកនូវផល​ល្អផង ផលអាក្រក់ផងទៅតាមកាលៈទេសៈដែលអ្នកនិយាយត្រូវប្រើ និងត្រូវដឹងឲ្យច្បាស់លាស់។ ដូចនេះប្រធានខាងលើមានលក្ខណៈត្រឹមត្រូវដែរ ប៉ុន្តែពុំទាន់គ្រប់ជ្រុងជ្រោយទាំងស្រុងនៅឡើយ​ទេ។ តែទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា មិនត្រូវពោលពាក្យ​មិនពិតណាដែលនាំឲ្យវិនាសអន្តរាយដល់អ្នកដទៃ ហើយត្រូវចងចាំថា "អណ្តាតជាអាទិ៍កន្លង បាន​សុខទុក្ខផងក៏ដោយសារអណ្តាត"។

សូមស្វាគមន៍មកកាន់ប្លុក "KH Knowledge"


សូមស្វាគមន៍មកកាន់ប្លុក "KH Knowledge"។ ប្លុកនេះជាប្លុកទី១របស់ខ្ញុំ ដែលបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយពីកម្រិតសរសេរសំណេរតែងសេចក្តីរបស់កូនខ្មែរឲ្យមានការរីកចម្រើនឡើងវិញ។ 

"ចូរចងចាំថា ដើម្បីចេះសរសេរតែងសេចក្តី អ្នកត្រូវឧស្សាហ៍ព្យាយាមអានសៀវភៅឲ្យបានច្រើន ហាត់សរសេរឲ្យបានច្រើន និងមានស្វ័យកែលំអជាប្រចាំ។" -- គ្រុយ​ ចាន់ធឿន
"ភាពជោគជ័យមិនដែលមាន នៅពេលដែលអ្នកទើបនឹងចាប់ផ្តើមម្តងនោះទេ។ ហើយបរាជ័យម្តង ក៏មិនដែលមានន័យថាបរាជ័យរហូតនោះដែរ។ ដួលម្តង ចូរចាត់ទុកថានោះជាមេរៀនក្នុងជីវិត មិនត្រូវរាថយឡើយ ព្រោះគ្មានអ្វីដែលមនុស្សធ្វើមិនបាននោះទេ។" --គ្រុយ​ ចាន់ធឿន (ម្ចាស់ប្លុកនេះ)
ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងគាំទ្រប្លុកនេះ ហើយសូមជូនពរឲ្យអ្នកទទួលបាននូវជោគជ័យក្នុងជីវិត។

រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា


         កាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយ ចៅទាំងពីរនាក់បានបបួលគ្នា ទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំដ៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជា​កន្លែងដាក់អន្ទាក់ អ្នកមួយថា "ខ្ញុំនឹងដាក់គល់ឈើេនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើ​នេះ"។ អ្នកមួយឆ្លើយថា "ខ្ញុំក៏ចង់ដាក់នៅកន្លែងនឹងដែរ ប៉ុន្តែឥឡូវនេះបើអ្នកដាក់នឹងគល់ឈើ មាន​តែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង"។ និយាយគ្នាហើយ​ម្នាក់ដាក់នៅគល់ឈើ ម្នាក់ទៀតឡើងដាក់នៅចុងឈើស្រេចហើយវិលមកផ្ទះវិញ លាគ្នាទៅផ្ទះ​ដោយខ្លួន។
        ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថា​"តាំងពីដូនតាមកមិនដែលលឺថាអ្នកណាដាក់អន្ទាក់នៅចុងឈើឲ្យជាប់សត្វជើងបួនដែលដើរនៅដី​នោះទេ​ ឥឡូវនេះអញដាក់អន្ទាក់ចុងឈើ តើធ្វើមិចនឹងបានសត្វ? ដូច្នេះត្រូវអញរព្ញកពីពេលមាន់​រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់​ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោកសុភាសេក បើវាមិន​សុខចិត្តដូចម្តេចៗមុខជាកើតក្តីគង់តែដល់សុភាសេកមិនខាន សុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញ​ជាប្រាកដ។
ប្តីប្រពន្ធគិតគ្នាហើយដេកទៅ ដល់មាន់រងាវរព្ញកពីដេក លុបមុខស៊ីស្លាហើយចេញពី​ផ្ទះដើរទៅដល់អន្ទាក់ បានឃើញអន្ទាក់នៅដីជាប់ក្តាន់១ ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់​ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើម ក៏ប្រញាប់វិលមកផ្ទះវិញ។ លុះព្រឹកព្រហាមស្រាងៗឡើង អ្នក​មួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់។ អ្នកមួយឆ្លើយ "កុំរលះរលាំងថ្វីអន្ទាក់​ខ្ញុំៗមិនសង្ឃឹមទេ ដ្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថា បើបានចែកគ្នាស៊ី​ផង"។ ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ ដ្បិតដឹងការណ៍មុន។ អ្នកទាំងពីរនិយាយហើយចុះពីផ្ទះ​ដើរចេញទៅ លុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅដី ឃើញជាប់តែនៅចុងឈើវិញ។ ចៅ​ដែលជាម្ចាស់អន្ទាក់ចុងឈើថា "ន៎! មើលចុះមិនជឿខ្ញុំថាកុំឲ្យដាក់នៅគល់ឲ្យដាក់នៅចុង ឥឡូវ​មើលរបស់អ្នកណាជាប់ហៈ?" ហើយឡើងទៅដោះយកចុះមក នាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នាទៅផ្ទះ​ដោយខ្លួនទៅ។ ឯចៅចែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេក ហើយជំរាបថា "ខ្ញុំហើយនិង​ចៅមួយនោះដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្ស​វៀច ក្តីនេះគង់តែមកដល់លោក ដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះ ខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ"។ សុភាសេកបានសាច់ក្តាន់ហើយឆ្លើយថា"ឯងទៅរកស្លាម្លូមក​ឲ្យឆាប់​ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញៗបង្គាប់វាអីចឹងដែរ បើវាមកមិនទាន់ អញនឹងកាត់សេចក្តី​ឲ្យវាចាញ់បានងាយ ឯងប្រញាប់ទៅចុះ"។ 
        ឯអ្នកដាក់អន្ទាក់នៅគល់ឈើ លុះវិលមកផ្ទះហើយដកដង្ហើមតូច ដកដង្ហើមធំមិនសុខចិត្ត ក៏​យកសេចក្តីទៅប្តឹងសុភាសេកៗក៏បង្គាប់សេចក្តី ដូចបង្គាប់ចៅមុន។ លុះព្រឹកឡើងអ្នកដែលដាក់​អន្ទាក់នៅចុងឈើក៏យកឥវ៉ាន់ទៅដល់មុន។ ឯអ្នកដែលដាក់អន្ទាក់នៅដី ដោយខ្លួនជាអ្នកក្រ​លំបាកតោកយ៉ាកដើររកទិញឥវ៉ាន់ពុំបានពុំទាន់ ភ័យក្រែងខ្លួន ចាញ់គេ ហើយគេចាប់ទោសផងក៏​រត់ពីភូមិមួយ ទៅភូមិមួយបានជួបនឹងសុភាទន្សាយៗសួរថា "មានដំណើរអ្វីបានជារត់ដូច្នេះ? ឈប់​សិន"។ ចៅនោះឆ្លើយថា "លោកអើយអាណិតដោះទុក្ខខ្ញុំផង ដ្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់​អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ ឯគេដាក់នៅចុងឈើ លុះព្រឹកឡើងទៅពុំឃើញអន្ទាក់នៅដីជាប់សត្វ ឃើញនៅឈើជាប់ក្តាន់មួយ ខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកៗគេថាអ្នកណាដើរទៅ​រកឥវ៉ាន់ទៅដល់មុន អ្នកនោះឈ្នះ" ហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាម​តែលោកអាណិតខ្ញុំផង​ សុភាទន្សាយឆ្លើយថា "ណ្ហើយ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ"។ ចៅ​នោះអរ។ លុះដល់ថ្ងៃរសៀលសុភាទន្សាយនាំទៅដល់ផ្ទះសុភាសេកៗស្រែកសួរមកថា "ដូចម្តេចក៏​យូរម្ល៉េះ? សេចក្តីចាញ់គេហើយ"។ សុភាទន្សាយឆ្លើយថា "យើងខ្ញុំបានជាយូរនោះពីព្រោះអាល័យ​តែចាំមើល ត្រីក្រាញ់ហើរឡើងស៊ីស្លឹកអម្ពិល"។ សុភាសេកថា "ពីជីដូនជីតាមកគ្មាននរណាដែល​ឃើញ ដែលលឺថាត្រីក្រាញ់ហើរឡើងស៊ីស្លឹមអម្ពិលទេ"។ សុភាទន្សាយឆ្លើយថា "ពីជីដូនជីតា ពីម៉ែ​ឪបង្កើតមកនរណាដែលឃើញ ដែលលឺថាអន្ទាក់នៅនឹងដីមិនជាប់សត្វ ទៅជាប់អន្ទាក់នៅចុងឈើ​វិញ ហើយសត្វជើងបួនផងដែលលឺទេ? អស់អ្នកស្រុក!"។ ខណៈនោះសុភាសេកស្ងៀម ពុំហ៊ានស្តី​តបឡើយ។ សុភាទន្សាយក៏កាត់សេចក្តីឲ្យចៅដែលជាប់អន្ទាក់នៅនឹងដីឈ្នះ។ ឯសុភាសេកដែល​អង្គុយធ្វើសុភានោះក៏ខ្មាស់គេដោយសារខ្លួនល្មោភជំនូនសាច់ក្តាន់ក៏ស្ងៀម បែរមុខផ្ទប់ទៅនឹង ជញ្ជាំងដូចឆ្មាលបកណ្តុរ៕
"ល្មោភឥតខ្មាស វិនាសច្បាប់"

អក្សរសិល្ប៍ខេមរនិយម ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈជាតិខ្មែរ

​​​​​​​​                                                        
      វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវី​អ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដា្ឋនខ្លះបានលើកឡើងថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។
         តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ?

         ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយចំណោទបញ្ហារបស់ប្រធានខាងលើឲ្យកាន់​តែជាលក្ខណៈពិស្តារប្រកបដោយខ្លឹមសារកាន់តែបានស៊ីជម្រៅមួយកម្រិតទេ្វឡើងទៀតនោះ គេចាំបាច់ត្រូវតែយល់ជាមុនសិននូវអត្ថន័យនៃពាក្យ “លក្ខណៈជាតិនៃអក្សរសិល្ប៍” ,  “ចារឹក” និង “អត្តសញ្ញាណជាតិខ្មែរ”។ ពាក្យថា “លក្ខណៈជាតិនៃអក្សរសិល្ប៍” គឺជាលក្ខណៈពិសេសរបស់​ជាតិនីមួយៗលេចធ្លោខុសពីជាតិដទៃដែលស្តែងចេញតាមរយៈអក្សរសិល្ប៍។ ចំពោះពាក្យថា “ចារឹក” នោះគឺការសរសេរ ចារ កត់ត្រា បង្ហាញ។ ដោយឡែកពាក្យថា “អត្តសញ្ញាណជាតិខ្មែរ” បានដល់សញ្ញាដែលធ្វើឲ្យគេស្គាល់ពីខ្មែរ។ មតិដែលវិភាគឃើញដោយប្រធានខាងលើមានអត្ថ​ន័យចង់និយាយថាគេអាចស្គាល់ជាតិខ្មែរបានដោយរំពឹងមើលទៅក្នុងលក្ខណៈជាតិរបស់អក្សរ​សិល្ប៍។ 
         ជាមួយនឹងការសិក្សាចលនាអក្សរសិល្ប៍រួចមកហើយ បានជាមូលហេតុដែលធ្វើឲ្យស្រទាប់​យុវវ័យខ្មែរអ្នកសិក្សាផ្តោតការយល់ឃើញរបស់ខ្លួនថា “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្ត​សញ្ញាណខ្មែរ”។ ពិតដូចការលើកឡើងរបស់មតិខាងលើនេះមែន គេអាចស្គាល់ជាតិខ្មែរបានជា​ប្រត្យក្សតាមរយៈលក្ខណៈជាតិខ្មែរដែលគេកត់ត្រាឃើញក្នុងរឿងរ៉ាវអក្សរសិល្ប៍។ យ៉ាងណាមិញបើគេសិក្សារឿងភូមិតិរច្ឆាន គេនឹងបានស្គាល់ខ្មែរតាមរយៈជំនឿដែលជាទូទៅ​មនុស្សខ្មែរតែងតែជឿលើវត្ថុសក្តិសិទ្ធិ មានទម្លាប់ក្នុងការបន់ស្រន់ បួងសួងដូចនៅក្នុងរឿង​ភូមិតិរច្ឆាន គេឃើញថាពួកទាហានបារាំងដែលមានទាហានខ្លះជុះអាចម៍រាករូស គ្រុនក្តៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមិនគោរពវត្ថុសក្តិសិទ្ធិដែលនៅថែរក្សាវិហារព្រះកែវមរកត។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់គេឃើញថាមាននារីខ្លះដែលមានសង្សាចុះកប៉ាល់ទៅច្បាំងនៅស្រុកបា​រាំង​បានលួចទៅបន់ស្រន់ព្រះអង្គដងកើ​ឲ្យបារមីព្រះអង្គទៅជួយគាំពារ ធានាថែរក្សាសង្សាឲ្យឆាប់​មក​ស្រុកខ្មែរវិញ។ ក្នុងរឿងដដែលនេះ​គេឃើញមនុស្សខ្មែរមានជំនឿលើអព្ភូតហេតុធម្មជាតិដូចបានបង្ហាញថាមានរន្ទះបាញ់ចេតិយព្រះវិ​ហារព្រះកែវមរកតខាងត្បូង។ តាមជំនឿគេថាស្រុកនឹងកើតគ្រោះវឹកវរ ចលាចល ឬកើតមានហេតុ​ទុរភិក្ស។ ដំណើររឿងបាន​បង្ហាញ​នូវជំនឿរបស់ខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ខណៈ​ពេល​ដែលគេរត់ទៅ​ពួន​​នៅលើភ្នំតាបាំង អ្នកភូមិក្រាំងលាវបានយកដីនៅតាមក្រហែងថ្ម​មកបាចសាចលើក្បាលដើម្បីឲ្យព្រះធរណីជួយបិទបាំង កុំឲ្យបារាំងឃើញ។ បើគេនិយាយពី​លក្ខណៈជាតិខ្មែរនោះគេពុំភ្លេចទាល់តែសោះឡើយថាខ្មែរគឺជាប្រជាជាតិមួយដែលមានទម្លាប់ជា​ទំនៀមក្នុងការចូលចែចូវ ចូលស្តីដណ្តឹងដូចជាសុវណ្ណដែលជាពោះម៉ាយកូនមួយបានឲ្យមេបា​ចាស់ទុំចូលទៅស្តីដណ្តឹងនាងតំ ក្រមុំសៅកែមកជាគូដណ្តឹង ជាប្រពន្ធទី២របស់ខ្លួនប៉ុន្តែបើគេមើល​មក​ក្នុងរឿងទុំទាវ នោះគេនឹងឃើញពីលក្ខណៈជាតិរបស់ខ្មែរនៅសម័យលង្វែក គឺមនុស្សខ្មែរមានទម្លាប់របស់ខ្លួនមួយគឺថាបើអ្នកមានកូនប្រុសគេទម្លាប់ឲ្យចូលសាងផ្នួស។ បើបួសជាសាមណេរដូចនេនទុំ និងនេនពេជ្រគឺបួសដើម្បីសងគុណម្តាយ តែបើបួសជាភិក្ខុគឺបួស​ដើម្បីសងគុណឪពុក។ បើនិយាយពីរឿងជំនឿវិញ គេឃើញថាខ្មែរនាសម័យលង្វែកនិយមជឿលើ​មន្តអាគម អូមអាមដូចនាយទុំទៅស្មូត្រនៅផ្ទះម្តាយទាវបានដាក់មន្តសារិកាលិនថោងឲ្យពិរោះ​ក្រអួនដើម្បីទាក់ទាញអ្នកស្តាប់ឲ្យចេះតែចូលចិត្តស្តាប់។ ដោយឡែកចំណែកអ្នកមានកូនស្រី ដូចករណីម្តាយទាវតែងទម្លាប់ឲ្យកូនស្រីចូលម្លប់។ បើគេរំពឹងសំលឹងមើលមកក្នុងវិស័យជំនឿ គេឃើញមនុស្សសម័យលង្វែកនិយមជឿលើមន្តអាគមផង ជឿលើការទស្សទាយផងដូចព្រះគ្រូ​ចៅ​អធិការវត្តវិហារធំ មុនពេលឲ្យទុំលាចាកសិក្ខាបទ លោកគ្រូបានទាញក្តារ ទាញដីសមកគូស​វៀស​លេខអត្តមើលជោគជតារាសីជាមុនសិន។សិក្សាអំពីប្រពៃណីឃើញថាសង្គមខ្មែរសម័យ​លង្វែកមានប្រពៃណីជាក់លាក់របស់ខ្លួនដោយអនុវត្តតាមទស្សនៈ “នំមិនធំជាងនាឡិ” ដែលមាតា​បិតាដែលមានកូនប្រុសកូនស្រីមិនផ្តល់សិទ្ធិស្វ័យសម្រេចឲ្យកូនៗនោះទេ គឺឪពុកម្តាយជាអ្នក​សម្រច​​អ្វីៗគ្រប់យ៉ាង។ ទំនៀមទម្លាប់នោះក៏ដូចជាសម័យបច្ចុប្បន្នដែរគឺកូនប្រុសត្រូវតែចុលខ្លួន​ទៅរៀបការនៅផ្ទះខាងកូនស្រី ដូចករណីម៉ឺនងួនត្រូវរៀបការជាមួយនឹងនាងទាវនៅផ្ទះខាងស្រី។ ចំពោះសាសនាវិញគេឃើញសង្គមខ្មែរសម័យលង្វែកផ្តោតជំនឿលើព្រះពុទ្ធសាសនានិកាយហិន​យានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ពុទ្ធសាសនានេះដែរ។
        ដូចនេះបើនិយាយឲ្យខ្លីក្នុងអត្ថន័យជាសរុបសេចក្តីមកឃើញថាតាមរយៈលក្ខណៈជាតិខ្មែរ​ដែលកវីនិពន្ធបានកត់ត្រាក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរនានាសុទ្ធសឹងតែជាសញ្ញាសំគាល់ឲ្យគេ​ស្គាល់មនុស្សខ្មែរបានដោយងាយ។
     យោងតាមបណ្តាហេតុផលដែលបានលើកបង្ហាញរួចហើយខាងលើ​ អាចឲ្យយើងធ្វើការវិនិច្ឆ័យ វាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតជាមានអត្ថន័យត្រឹមត្រូវសមស្របដែលយើងអាច​ទទួលបានដោយហេតុថាអក្សរសិល្ប៍ខ្មែរមានសារៈសំខាន់ដូចខាងលើទើបតម្រូវឲ្យយុវសិក្ខាកាម​ជនលើកស្ទួយវប្បធម៌ អក្សរសាស្ត្រសីលធម៌ដូចជា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។
ប្រធានបទធ្លាប់ចេញប្រឡង (បាក់ឌុប ឆ្នាំ២០១៤)។

វប្បធម៌ទូទៅ ១

ប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានីភ្នំពេញ
សម័យប្រឡង ១៣-១៤ មីនា ឆ្នាំ ២០០៨

  1. ដូចម្តេចដែលហៅថាសិប្បកម្មសិល្បៈ? ចូរលើកឧទាហរណ៍ឲ្យបាន៥ប្រភេទ។
  2. បុព្វបុរសខ្មែរតែងតែបានប្រៀនប្រដៅយើងឲ្យចាប់អារម្មណ៍លើគុណ៦យ៉ាង។ តើមានគុណ​អ្វីខ្លះ?
  3. តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចណ៍? តើអ្នកត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់​កុំឲ្យមានគ្រោះថ្នាក់ចរាចណ៍? តើសញ្ញាណាខ្លះដែលចាត់ទុកថាជាសញ្ញាចរាចរណ៍?
  4. តើនៅក្នុងបារីមានសារធាតុគីមីពុលសំខាន់ៗប៉ុន្មាន? ចូររៀបរាប់ពីផលប៉ះពាល់របស់វា។
  5. តើរមណីយដ្ឋាននៅប្រទេសកម្ពុជាមានប្រភេទអ្វីខ្លះ? តើយើងត្រូវធ្វើដូចម្តេចខ្លះ ដើម្បីអភិ​វឌ្ឍ​វិស័យទេសចរណ៍?
  6. ក. ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៨ អភិបាលក្រុងភ្នំពេញបានរៀបចំពិធីបុណ្យមួយនៅសួនច្បារ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ តើពិធីបុណ្យនោះឈ្មោះអ្វី? ខ. ពិធីបុណ្យនោះ​បានធ្វើស្របទៅនឹងបុណ្យពុទ្ធសាសនាមួយ។ តើបុណ្យពុទ្ធសាសនានោះមានឈ្មោះដូច​ម្តេច? ចូរនិយាយប្រវត្តិសង្ខេបដែលធ្វើឲ្យមានពិធីបុណ្យពុទ្ធសាសនានេះផង។
ចម្លើយ៖
  1. សិប្បកម្មសិល្បៈ គឺជាសិល្បៈដែលគេយកឧបករណ៍ធ្វើដោយដៃយកទៅសម្តែង។ របាំដែល​គេប្រើឧបករណ៍ដែលធ្វើដោយដៃ យកមកសម្តែងមានរបាំនេសាទ (អង្រុត ឈ្នាង), របាំបេះ​តែ របាំគោះត្រឡោក របាំគោះអង្រ្កង...។
  2. បុព្វបុរសខ្មែរប្រៀនប្រដៅឲ្យចាប់អារម្មណ៍លើគុណ៦យ៉ាងគឺ៖ គុណឪពុក (មានឪពុកបង្កើត​ ឪពុកក្មេក ឪពុកចិញ្ចឹម អាណាព្យាបាលប្រុស), គុណម្តាយ (មានម្តាយបង្កើត ម្តាយក្មេក ម្តាយចិញ្ចឹម អាណាព្យាបាលស្រី), គុណបង គុណមហាក្សត្រ គុណអ្នកដឹកនាំដែលឃុំគ្រង​រក្សា, គុណគ្រូបាធ្យាយ ដែលធ្លាប់បានផ្តល់ចំណេះដឹងសព្វសារពើស្របតាមគតិបណ្ឌិតដល់​យើង, គុណញាតិមិត្តជាអ្នកជិតឆ្ងាយ ភូមិផងរបងជាមួយដែលធ្លាប់ជួយយើងពេលមានអា​សន្ន, គុណព្រះរតនត្រៃដែលផ្តល់នូវការអប់រំ បន្ទុំចិត្តយើងឲ្យបានល្អប្រសើរ។
  3.  កត្តាដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺ៖ កត្តាមនុស្ស (បើកបរគ្មានការប្រុងប្រយ័ត្ន), កត្តាយានយន្ត (ខូចហ្វ្រាំង ខូចចង្កូត បែកកង់), កត្តាផ្លូវថ្នល់ (ផ្លូវខូច ផ្លូវចង្អៀត), កត្តាអាកាសធាតុ (អាកាសធាតុមិនល្អ មានភ្លៀង)។ ដើម្បីទប់ស្កាត់គ្រោះ​ថ្នាក់ចរាចរណ៍យើងត្រូវគោរពច្បាប់ចរាចរណ៍ ចេះយល់អធ្យាស្រ័យគ្នា។ សញ្ញាចរាចរណ៍​អាចជា ស្លាកសញ្ញាតាមចិញ្ចើមថ្នល់ គំនូសសញ្ញាលើទ្រូងថ្នល់ ភ្លើងសញ្ញាចរាចរណ៍ សញ្ញា​ដោយដៃ ភ្នាក់ងារនគរបាលចរាចរណ៍កន្លែងរង្វង់មូល តម្រុយមែកឈើ ឬក្រណាត់...។
  4. នៅក្នុងផ្សែងបារីមានសារធាតុគីមីសំខាន់ៗបួនក្រុមគឺ៖ នីកូទីន (ជាសារធាតុបណ្តាលឲ្យ​ញៀន និងបណ្តាលឲ្យកើតជម្ងឺបេះដូង និងជម្ងឺសសៃឈាម), កាបូនម៉ូណូអុកស៊ីត (ជា​សារធាតុកាត់បន្ថយអុកស៊ីសែននៅក្នុងសារពាង្គកាយ), ជ័រថា (សារធាតុគីមីដែលបណ្តាល​ឲ្យកើតជម្ងឺមហារីក), សារធាតុពុលចំពោះរោមញ័រ (បណ្តាលឲ្យកើតជម្ងឺហើមសួត និងមហា​រីក)។
  5. រមណីយដ្ឋាននៅប្រទេសកម្ពុជាមាន៤ប្រភេទគឺ៖ រមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋាន​វប្បធម៌ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ។ ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ យើង​ត្រូវ៖ រៀបចំការពារសន្តិសុខ, កសាងស្ពាន ថ្នល់ឲ្យបានស្អាតល្អ, រៀបចំថែរក្សា ការពារបរិ​ស្ថាន, អភិវឌ្ឍន៍ធនធានមនុស្ស, ពង្រីករមណីយដ្ឋានឲ្យបានច្រើន, ផ្សព្វផ្សាយពីវឌ្ឍនភាព​នៃវិស័យទេសចរណ៍, ផ្តល់សេវាកម្មបម្រើដោយមានជំនាញជាក់លាក់។
  6. ក. ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៨ អភិបាលក្រុងភ្នំពេញបានរៀបចំពិធីបុណ្យមួយនៅសួនច្បារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺពិធីសម្ភោធបើកបូជនីយដ្ឋានរូបសំណាក សម្តេចព្រះសង្ឃរាជជួន ណាត និងរូបសំណាកអ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ។ ខ. ពិធីនេះ​ប្រព្រឹត្តទៅចំថ្ងៃបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយគឺបុណ្យ មាឃបូជា។ បុណ្យមាឃបូជាគឺប្រា​រព្ធឡើងនៅថ្ងៃពេញបូរមី ១៥កើត ខែមាឃ រៀងរាល់ឆ្នាំ ដែលទាក់ទងនឹងប្រវត្តិសំខាន់៧​យ៉ាងគឺ៖ ជាថ្ងៃមាឃនក្ខត្តឫក្សគឺព្រះចន្ទភ្លឺច្បាស់ល្អ, ជាថ្ងៃភិក្ខុសង្ឃចំនួន ១២៥០អង្គមកជួប​ជុំគ្នាដោយឥតបានណាត់ទុក, ភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្តខីណាស្រពបួសជា​ឯហិភិក្ខុ, ជាថ្ងៃដែលព្រះពុទ្ធគ្រប់ៗអង្គទ្រង់សម្តែងនូវឱវាទប្បាដិមោក្ខ, ជាថ្ងៃដែលព្រះសារី​បុត្រ អង្គសាវ័កស្តាំបានសម្រេចធម៌ជាន់ខ្ពស់, ជាថ្ងៃដែលព្រះអង្គទ្រង់ស្ថាបនាអង្គសាវ័ក​ទាំង​ពីរ (ព្រះសារីបុត្រ អង្គសាវ័កស្តាំ និងព្រះមោគ្គល្លាន អង្គសាវ័កឆ្វេង), ជាថ្ងៃដែលព្រះពុទ្ធជា​ម្ចាស់ទ្រង់ដាក់អាយុសង្ខារមុនចូលបរិនិព្វានបីខែ។

លោក​ នូ ហាច




Image result for លោក​ នូ ហាច

ក. ជីវប្រវត្តិ៖

  • កើតនៅថ្ងៃទី២៦ មិថុនា ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតានាម ឃួន​​ នៅ មាតានាម ឱ រមួច។ ពីកុមារធ្លាប់បានបួសរៀននៅវត្តក្នុងភូមិកំណើត រៀនអក្សរចេះមើល​សាស្ត្រាបានយ៉ាងស្ទាត់។
  • ឆ្នាំ ១៩៣២ បានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យស៊ីសុវត្ថិរហូតដល់ឆ្នាំ១៩៣៩ ក្រោយ​ដែលជាប់មធ្យមសិក្សាបត្រភាគទី១ ហើយលោកបានចូលធ្វើការជាចៅក្រម ផ្លាស់មក​ភ្នំពេញវិញក្រោយពីរៀបអាពាហ៍ពិពាហ៍។
  • ឆ្នាំ១៩៤៧ បានទៅបម្រើនៅក្រសួងឃោសនាការកាន់កាប់ខាងការផ្សាយកាសែតនៅកម្ពុជា
  • ឆ្នាំ១៩៤៨​ ធ្វើជាលេខាផ្ទាល់របស់ទ្រង់យុត្តិវង្ស កាលទ្រង់ជានាយករដ្ឋមន្ត្រី។ បន្ទាប់ពីទ្រង់​យុត្តិវង្សសុគតទៅ លោកត្រឡប់មកក្រសួងឃោសនាការវិញធ្វើជានាយខុទ្ទកាល័យ។
  • ឆ្នាំ១៩៥២ លោកចូលទៅបម្រើនៅក្រសួងការបរទេសវិញដែលនៅជាប់មុខងារជាមន្ត្រីការ​ទូតខ្មែរ។
  • ថ្ងៃទី១៦ មិថុនា ១៩៥២ ដល់ ២៣ មករា ១៩៥៣ សម្តេចនរោត្តមសីហនុ ជានាយកមន្ត្រីបាន​តែងតាំងលោកនូហាចជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ដោយក្រឹត្យ​លេខ២៥២ ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៥២។
  • លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរតាំងពីថ្ងៃទី១៧ មករា ១៩៥៨។
  • ក្នុងក្រសួងការបរទេសលោកបានទទួលតំណែងចុងក្រោយបង្អស់ជាឯកអគ្គរាជទូតខ្មែរប្រចាំ​នៅប្រទេសឥណ្ឌូនេស៊ីប្រហែលនៅឆ្នាំ១៩៦៩។ លោកនិវត្តន៍ចូលភ្នំពេញវិញប្រហែលនៅ​រវាងឆ្នាំ១៩៧២។ លោកបានបាត់ខ្លួននៅសម័យខ្មែរក្រហម គឺរវាងឆ្នាំ១៩៧៥ ដល់១៩៧៩។
ខ.​ ស្នាដៃសំខាន់ៗ៖
  • រឿងផ្កាស្រពោន (១៩៤៩)
  • រឿងនារីជាទីស្នេហា (១៩៥៣)
  • រឿងលាវណ្យ និងរវិន្ទ (ភាគ១ ១៩៥៣, ភាគ២ ១៩៥៥)
  • រឿងមាលាដួងចិត្ត (១៩៧២)

លោក ញ៉ុក ថែម



ក. ជីវប្រវត្តិសង្ខេប៖
  • កើតនៅថ្ងៃទី​២២ មិថុនា ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង
  • បិតាឈ្មោះ ញ៉ុក ញ៉ មាតាឈ្មោះ ហៀក ជាកសិករនៅភូមិអូតាគី ឃុំជ្រៃ ស្រុកបាត់ដំបង ខេត្តបាត់ដំបង
  • កាលពីកុមារភាពគឺក្នុងឆ្នាំ១៩១៣ លោកបានទៅបួសរៀននៅវត្តពោធិវាល ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរសាស្រ្តជាតិក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល
  • នៅឆ្នាំ១៩១៨ លោកបានបព្វជ្ជាជាសាមណេរ ហើយបានសិក្សាធម៌វិន័យ និងភាសាបាលី​ក្នុង​សំណាក់គ្រូអាចារ្យផ្សេងៗក្នុងខេត្តបាត់ដំបង
  • ឆ្នាំ១៩១៩ បានទៅបន្តវិជ្ជានៅបាងកក ប្រទេសថៃ។ លោកបានជាប់សញ្ញាបត្រធម្មសិក្សា​ថ្នាក់ត្រីនៅអំឡុងឆ្នាំ១៩២១ និងជាប់សញ្ញាបត្រធម្មសិក្សាថ្នាក់ទោ ក្នុងឆ្នាំ១៩២៣
  • ឆ្នាំ១៩២៤ បានបំពេញឧបសម្បទាជាភិក្ខុ និងជាប់សញ្ញាបត្របរិយធម៌ ភាសាបាលីទីមហា៣​ប្រយោគ
  • ឆ្នាំ ១៩២៦ លោកបានជាប់ទីមហា៤ប្រយោគ
  • ឆ្នាំ ១៩២៨ លោកបានជាប់ទីមហា៥ប្រយោគ
  • ឆ្នាំ ១៩២៩ លោកបានជាប់ទីមហា៦ប្រយោគ
  • ឆ្នាំ១៩៣៦ លាចាកសិក្ខាបទមកជាគ្រហស្ថវិញ។

ខ. អំពីការងារ៖
  • ១៩២៧ ដល់១៩៣០ ធ្វើជាគ្រូបង្រៀនភាសាបាលីនៅក្រុងបាងកក
  • ១៩៣០ ត្រឡប់មកភ្នំពេញចូលធ្វើសមាជិកគណៈកម្មការប្រែព្រះត្រៃបិដក នៅពុទ្ធសាសន​បណ្ឌិត្យ
  • ១៩៣៨ ធ្វើការនៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា មានមុខងារជាអ្នកចាត់់ចែងបោះពុម្ពផ្សាយ​នូវសៀវភៅផ្សេងៗ និងទស្សនាវដ្តីកម្ពុជសុរិយា
  • ១៩៣៩ ជាតំណាងសម្តេចព្រះនរោត្តមសុធារស និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំ​ពេញជាមួយតំណាងផ្សេងៗទៀត បានទៅរៀបចំកម្មវិធីសិក្សា និងសម្ភោធពុទ្ធសាសន​បណ្ឌិត្យនៅក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទនាប្រទេសឡាវ
  • ១៩៤២ បានទៅសម្ភោធមន្ទីរពុទ្ធសាសនបណ្ឌិត្យខេត្តឃ្លាំង ប្រទេសវៀតណាមខាងត្បូង
  • ១៩៣៤ជាតំណាងរៀបចំកម្មវិធីសិក្សាសម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅប៉ាក់សេ ប្រទេសឡាវ
  • ១៩៤៥ ធ្វើជាសាស្រ្តាចារ្យខ្មែរថ្នាក់ទី៥នៃសាលាគរិវិជ្ជា
  • ១៩៤៦ ធ្វើការនៅពុទ្ធសាសនបណ្ឌិត្យព្រមទាំងជាសាស្រ្តចារ្យនៅវិទ្យល័យស៊ីសុវត្ថិ
  • ១៩៥០ លាឈប់ពីពុទ្ធសាសនបណ្ឌិត្យចូលបម្រើការនៅក្រសួងសិក្សាធិការជាតិក្រោយ​ពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិមកជាសម្បតិ្តជាតិ ហើយលោកធ្វើជាសាស្រ្តចារ្យ​ជាប់សន្យារហូតមក
  • ៦ឆ្នាំក្រោយមកលោកផ្លាស់ទៅធ្វើជាសាស្រ្តចារ្យខ្មែរនៅវិទ្យាល័យមុនីវង្សនាក្រុងបាត់ដំបង
  • ១៩៥៨ លោកផ្លាស់មកធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំពេញក្នុងឋានៈជា​សាស្រ្តចារ្យផង និងជាអ្នកស្រាវជ្រាវឯកសារអក្សរសាស្រ្តខ្មែរនៅវិទ្យាស្ថាននោះផង។ លោក​ជាសាស្រ្តចារ្យខ្មែរនៅសាលាភូមិន្ទរដ្ឋបាល។
  • លោកញ៉ុក ថែមបានធ្វើជាសមាជិកក្រុមជំនុំវប្បធម៌តាំងពីឆ្នាំ១៩៤៧ហើយលោកក៏ជាអ្នក​បង្កើតសមាគមអ្នកនិពន្ធខ្មែរដែលនៅឆ្នាំ១៩៥៦។
  • លោកបានទទួលគ្រឿងឥស្សរយសជាគុណបំណាច់ផ្សេងៗពីបរទេស និងមាតុប្រទេសដូច​ជា ឥស្សរិយយសប្រទេសកម្ពុជាថ្នាក់មុន្នីសារាភ័ណ្ឌ (១៩៤០) ឥស្សរិយយសប្រទេសឡាវ​ថ្នាក់អស្សឫទ្ធិក្រុងហ្លួង ឥស្សរិយយសថ្នាក់អស្សរិទ្ធិក្រុងអណ្ណាមនៃប្រទេសអណ្ណាម (១៩៤៣) មេដាយអស្សរាប្រាក់ប្រទេសកម្ពុជា (១៩៤៨) មេដាយអស្សរិទ្ធិមុន្នីសារាភ័ណ្ឌ​កម្ពុជា (១៩៥៧) មេដាយអស្សរាប្រាក់ប្រទេសកម្ពុជា (១៩៦០) មេដាយអស្សរិទ្ធិនៃប្រទេស​កម្ពុជា (១៩៦២)
  • អនិច្ចកម្មនៅឆ្នាំ ១៩៧៤


គ. ស្នាដៃ៖
= ជាភាសាថៃ ឬបាលីថៃ៖ (កាលលោកទៅសិក្សានិងធ្វើការនៅប្រទេសថៃ)
  • នមោកថា
  • នានាជាតកវណ្ណនា
  • ធម្មនិទ្ទេសភាគ១
  • ទេវតាភាសិត ពុទ្ធភាសិត
= ជាភាសាខ្មែរ
  • ពុទ្ធប្រវត្តិសង្ខេប
  • ប្រជុំពុទ្ធភាសិត
  • មហាវេស្សន្តរជាតក (១៩៥៣)
  • ប្រជុំភាសិត ភាគ១ ភាគ២
  • បិសាចស្នេហា (១៩៤២)
  • ជាតិ សាសនា ព្រះមហាក្សត្រ
  • កុលាបប៉ៃលិន (១៩៣៦ ឬ១៩៤៣)
  • ពន្លឺអាស៊ីទ្វីប (ប្រែ)
  • បញ្ញាសជាតកសង្ខេប ភាគ១ ភាគ២ (១៩៦៣)
  • វិធីប្រតិបត្តិធម៌
  • ឯកសហរាត្រី (ភាគខ្លះបកប្រែ)

ភិក្ខុសោម



 ក. ជីវប្រវត្តិសង្ខេប៖
  • កើតនៅគ.ស ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
  • បិតានាម ងួន មាតានាម យិន ជាកសិករ
  • បានចូលសិក្សានៅសាលាវត្តរហូតដល់អាយុ ១៥ឆ្នាំ បានបួសជាសាមណេរនៅវត្ត "ឥន្ទកា​លារាម" នៅ "វត្តកំព្រៅ"
  • ព្រះជន្ម ២១វស្សាបានបំពេញជាភិក្ខុ ដោយមាននាមបញ្ញត្តិថា ព្រះបទុមត្ថេរ
  • បានបន្តការសិក្សានៅភ្នំពេញជាច្រើនឆ្នាំ
  • ក្រោយពីត្រឡប់មកភូមិកំណើតវិញ ព្រះបទុមត្ថេរសោមមាននាទីជាចៅអធិការនៅវត្តកំព្រៅ ដោយមានងារជាព្រះសង្ខវង្ស
  • សុគតនៅគ.ស ១៩៣២ ក្នុងព្រះជន្មាយុ ៨០វស្សា។
ខ. ស្នាដៃ៖
  • រឿង ទុំទាវ (ព.ស ២៤៥៨ គ.ស ១៩១៥)
  • រឿង សព្វសិទ្ធិ (១៩១៤) (មិនមែនសព្វសិទ្ធិរបស់ម៉ឺនភក្តីអក្សរតន់ទេ)
  • រឿង ផ្ការាំទឹករាំ (១៩១១)

រឿង មាលាដួងចិត្ត



  • ប្រភព៖ ប្រទេសកម្ពុជា
  • ប្រភេទ៖ អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា និងប្រវត្តិសាស្រ្ត
  • ចលនា៖ ខេមរនិយម
  • អ្នកនិពន្ធ៖ នូ ហាច
  • កាលកំណត់តែង៖ ១៩៧២
សង្ខេបរឿង
           ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប។ ទីឃាវុធជាមនុស្សដែល​មានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម។ ពេលវិស្សមកាល ទីឃាវុធ​បាន​ទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង។ ពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជន​ជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀត។ នាងនោះឈ្មោះចន្ទមណី។ អ្នកទាំងពីរសាសងគ្នាពីនេះពីនោះ ស្រាប់តែរថភ្លើងមកដល់ចំណតតែម្តង។ ទីឃាវុធនឹកស្តាយ​មិន​ចង់ឃ្លាតឡើយ។
         បុរសចំណាស់ម្នាក់កំពុងឈររេរា ឈ្មោះទេពកោសល្លវិចិត្រករ ជាឪពុកនាងចន្ទមណីដែល​ភៀសខ្លួនមកនៅស្រុកខ្មែរ ដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរ​ប្រឆាំងនឹងរដ្ឋាភិបាលសៀម។ នាងចន្ទមណីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធ ដែលបាន​ជួយយកអាសារនាងក្នុងពេលធ្វើដំណើរ។ អ្នកទាំងបីស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅ​រៀងៗ​ខ្លួន។ ចាប់តាំងពីពេលនោះមក ទីឃាវុធពុំបានជួបមុខនាងចន្ទមណីទៀតទេ។
         ថ្ងៃមួយនៅពេលសម្រាកពីការសិក្សា ទីឃាវុធទៅមើលកុន ស្រាប់តែបានជួបពីរនាក់ឪពុក និងកូនម្តងទៀត។ នាងចន្ទមណីបានបបួលទីឃាវុធទៅលេងផ្ទះនាង។ ចាប់ពីពេលនោះមកទីឃា​វុធបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយ​ថ្ងៃ ហើយទីឃាវុធបានខិតខំប្រឹងប្រែងរៀនសូត្រទ្វេឡើង។ ក្នុងឱកាសវិស្សមកាលក្រុមគ្រួសារ​របស់នាងចន្ទមណីបានបបួលទីឃាវុធទៅលំហែកាយនៅសៀមរាបអង្គរ។ ពេលធ្វើដំណើរនេះ​មានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែន។ គូស្នេហ៍ទាំងពីរ​បានបន់ស្រន់ចំពោះព្រះភក្ត្រព្រះអង្គធំ សូមឲ្យសេចក្តីស្នេហាគេទាំងពីរបានសម្រេចដូចបំណង ​និងទទួលបាននូវសេចក្តីសុខ។
         ក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ ទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡង​ជាប់ជាស្ថាពរ។ គេសប្បាយរីករាយជាពន់ពេក បាននាំដំណឹងល្អនេះទៅប្រាប់នាងចន្ទមណី តែ​បែរ​ជាធ្វើឲ្យចិត្តនាយប្រែជាស្រពាប់ស្រពោនទៅវិញ ដោយសារនាងចន្ទមណី និងឪពុកត្រឡប់ទៅ​ស្រុកកំណើតវិញព្រោះម្តាយនាងមានជំងឺ ហើយលោកទេពកោសល្លត្រូវរួចពីទោសផង។
          តាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ ចំណែកប្រទេសជាតិក៏មានភាពច្របូក​ច្របល់ដែរ សាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញ។ ទីឃាវុធ​សម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការណ៍ក្នុង និងក្រៅប្រទេស​មិនស្រួល ហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបាល័ដ្ឋនៅខេត្តពោធិ៍សាត់។
         ទីឃាវុធបានជួលផ្ទះមីងក្អាត់ ពូហ៊ីតស្នាក់អាស្រ័យ។ ការធ្វើការងារនៅខេត្តពោធិ៍សាត់ គេ​បានជួបប្រទះតែអំពើពុករលួយ ពាលាអាវាសែ។ ម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគី ដែល​ជាគិញសម្ងាត់នោះថា នាងចន្ទមណី និងឪពុកនាងធ្វើការជាចារបុរស ចារនារី មកយកការណ៍នៅ​ស្រុកខ្មែរធ្វើឲ្យទីឃាវុធមានការខឹងសម្បារជាខ្លាំង ក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ព។
         ការប្រយុទ្ធគ្នាបានផ្ទុះឡើង ធ្វើឲ្យទ័ពខាងយើង​មានរបួស និងស្លាប់ជាច្រើននាក់។ ក្នុងចំ​ណោមអ្នករងគ្រោះ ទីឃាវុធត្រូវរងរបួសធ្ងន់ជាងគេ តែត្រូវបាននាងចន្ទមណីបរិច្ចាគឈាមឲ្យ និង​ព្យាបាលជំងឺ ទើបទីឃាវុធបានជាសះស្បើយ។ ទីឃាវុធមិនបានត្រេកអរចំពោះការជួយសង្គ្រោះ​ជីវិតពីនាងទេ ថែមទាំងបានប្រើសម្តីគំរោះគំរើយ អសីលធម៌ឲ្យនាងថែមទៀតផង តែនាងមិនខឹង​នឹងកម្លោះទេ ព្រោះនាងមានហេតុផលច្បាស់លាស់។
          ពេលត្រឡប់ពីសង្គ្រាមវិញ ទីឃាវុធបានទទួលតំណែងជាចៅហ្វាយស្រុកពួក។ ពេលនោះ​ព្រំ​ប្រទល់ខេត្តខ្លះដូចជាបាត់ដំបង មួយភាគនៃពោធិ៍សាត់ខេត្តកំពង់ធំ ស្ថិតនៅក្រោមការកាន់កាប់​របស់សៀម ធ្វើឲ្យប្រជាជនមានការលំបាកចេញចូល​ប្រកបរបរកសិកម្ម កំលោះរូបនេះត្រូវបានបង្ខំ​ចិត្តរាប់អានជាមួយនាយអាំភើ និងនាងចុលានន្ទ ជាជនជាតិសៀម ដោយធ្វើការចេញចូលទៅមក​ផ្ទះរបស់គេមិនដែលដាច់។
         ថ្ងៃមួយនាយអាំភើបាននាំឪពុកមា និងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរ ទីឃាវុធបានចាត់​ចែងជូនដំណើរគ្រួសារនាយអាំភើ ដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួន។ ទីឃាវុធមានការ​សោកស្តាយណាស់ដោយសម្លាញ់វេគីបានផ្តល់ដំណឹងខុសពីរឿងនាងចន្ទមណីនិងឪពុក។ ទីឃា​វុធចង់ធ្វើការសុំទោសនាង​ តែពុំមានឱកាសសោះ។ ពេលទៅដល់របាយការណ៍ក្រោយពីទទួល​ទានអាហាររួចចុះងូតទឹក កំពុងតែបណ្តែតអារម្មណ៍ ស្រាប់តែនាងចន្ទមណីហែលទឹកមករកទីឃា​វុធចង់សួររឿងរ៉ាវខ្លះៗ។ ទីឃាវុធបាននិយាយសុំទោសនាង តែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មី​ទេ ព្រោះគេបានសច្ចាចំពោះព្រះភ័ក្រ្តបដិមានៅអង្គរថា បើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យ​មកខ្មែរវិញ ទើបរាប់អានសៀមជាមិត្តបាន។
         សង្រ្គាមត្រូវបានបញ្ចប់ សៀមបានប្រគល់ទឹកដីឲ្យមកខ្មែរវិញ ដោយមានលោកជូឡុង​តំណាងរាជរដ្ឋាភិបាល និងលោកឧកញ៉ាដឺហ្សុងគ្ឃែរ ជាអ្នកចុះហត្ថលេខាទទួលយកដីខ្មែរមកវិញ
          នៅក្រោមការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរ ប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់​ដែរ។ លោកទេពកោសល្លបានសុំសិទ្ធិកាន់កាប់ដីធ្លីដែលគាត់បានទិញពីមុនមក។ សេចក្តីស្នេហា​របស់ទីឃាវុធ និងនាងចន្ទមណីបានចេញជាពន្លកភ្លឺចិញ្ចាចឡើងវិញនៅក្រោមដំបូលវិហារមួយ ដោយមានការបួងសួងសូមឲ្យស្នេហារបស់គេបានសុខសាន្តជារៀងរហូត។
  • ប្រធានរឿង៖ ដំណើររឿងឆ្លុះបញ្ចាំងពីឧត្តមគតិស្នេហាជាតិ (គិតប្រយោជន៍ជាតិជាធំ) ជាង​ប្រយោជន៍ផ្ទាល់ខ្លួន។
  • មូលបញ្ហារឿង៖ តាមរយៈប្រធានរឿង យើងអាចទាញមូលបញ្ហារឿងដូចខាងក្រោម
    • ការទាមទារសិទ្ធិសេរីភាព បូរណភាពដែនដី
    • បញ្ហាស្នេហាកម្លោះក្រមុំខុសសញ្ជាតិ
    • អំពើពុករលួយរបស់មន្ត្រីខ្មែរក្នុងជួររាជការ
    • ប្រវត្តិសាស្ត្រខ្មែរសៀម និងសង្គ្រាមលោកលើកទី២

រឿង ផ្កាស្រពោន



    • ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា
    • ប្រភេទ៖ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា
    • អ្នកនិពន្ធ៖ នូ ហាច
    • កាលកំណត់តែង៖ តែងក្នុងឆ្នាំ ១៩៤៧ បោះពុម្ពក្នុងឆ្នាំ ១៩៤៩
    • ចលនា៖ ខេមរនិយម
    • សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។

      សង្ខេបរឿង៖
               ប៊ុនធឿន និងវិធាវី ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម៉េ្លះ។ ប៉ុន្តែក្រោយ​មកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដុនដាប ដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាម​ទូក​ប៉ុកចាយទៅលក់នៅឯព្រៃនគរ ត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់។
                យាយនួន ម្តាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយស និងសេចក្តីស្មោះ​ត្រង់ ក៏បានផ្តាច់ពាក្យពីប៊ុនធឿន ព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យ គ្មានតម្លៃអ្វីសម្រាប់គាត់ទៀត​ឡើយ។ យាយនួនក៏បានលើកនាងវិធាវីទៅឲ្យចៅណៃស៊តកូនប្រុសរបស់ថៅកែណៃស៊ាន និង​នាងថូ ជាអ្នកមានទ្រព្យស្តុកស្តម្ភ។ ណៃស៊តជាយុវជនខ្វះសីលធម៌ពាលាអាវ៉ាសែ អាងទឹកប្រាក់​ដើរលេងតាមអំពើចិត្ត។
               ចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃស៊តមក នាងវិធាវីក៏ធ្លាក់ខ្លួនឈឺ ស្រពាប់​ស្រពោន គិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿន គូសង្សារស្មើជីវិត តែនាងមិនហ៊ានប្រ​កែកនឹងបំនងម្តាយ។
               ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅៗ កម្លាំងកាន់តែខ្សោយ ទឹកមុខ​ស្លេកស្លាំង បាយមិននឹក ទឹកមិនឃ្លាន គេងក៏មិនលក់។ នាងវិធាវីកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ យាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយ​សប្បាយក្នុងចិត្តតែនាងវិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយ។ ក្រោយមកនាងវិធាវីមាន​​ជម្ងឺក្អកធ្លាក់ឈាម ហើយក្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយ។ និយាយពីយាយ​នួន​វិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេ គិតតែពីដើររកគ្រូហ្ម៉ ម្តងឲ្យលោកស្រោចទឹក ម្តង​បញ្ជាន់អារក្ស តែនៅតែគ្មានបានលទ្ធផលអ្វីសោះ។
               ថ្លែងពីប៊ុនធឿន ពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីជិតរៀបការក៏​កើត​ទុក្ខ​ទោម្និញ យំខ្សឹកខ្សួលតែម្នាក់ឯង។ ប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអុស ដើម្បី​បន្លប់នូវសេចក្តីទុក្ខព្រួយ។
               ពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញ មច្ចុរាជបានផ្តាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងបន្សល់​ទុកនូវតែសេចក្តីទុក្ខសោក អាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន។
      • ប្រធានរឿង៖ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូប​បណ្តាលមកពីការរើសអើងវណ្ណៈ (ឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។
      • មូលបញ្ហារឿង៖ បញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿន និងវិធាវី (ស្នេហាបែបប្រពៃណី, ស្នេហា​ក្រោមគំនាបទ្រព្យសម្បត្តិ, ស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនា), ទឹកចិត្តលោភលន់ទ្រព្យ​សម្បត្តិរបស់យាយនួន។

      រឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់


      • ប្រភព៖ ចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្រោមរបបអាណានិគម
      • ប្រភេទ៖ ជាអក្សរសិល្ប៍ប្រលោមលោកទំនើប
      • ឯកសារ៖ ស្ថិតនៅក្នុងសៀវភៅប្រលោមលោក និពន្ធដោយលោក សួន សុរិន្ទ ហើយនៅឆ្នាំ ១៩៩៣, ៩៤ ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១២ ត្រង់វគ្គទី៩ "អ្នកន​យោបាយបោកប្រាស់" ឡើងទៅ។ ប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំ​សិក្សា ២០១១, ១២ ក្រសួងបាន​ដកយកវគ្គទី១៦ "ទីពឹងថ្មី" និងវគ្គទី១៧ "កសិករថ្មី" មកបញ្ចូលក្នុងកម្មវិធីសិក្សាវិញ។
      • ចលនា៖ ជាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីសតិអារម្មណ៍របស់ប្រជារាស្រ្តក្រីក្រ
      • ឥទ្ធិពល៖ ទទួលឥទ្ធិពលពីរបបសង្គមរាស្រ្តនិយម ព្រោះដំណើររឿងបានបំផុសឲ្យប្រជារាស្រ្ត​ស្រឡាញ់ការងារពលកម្ម កសិកម្ម ហត្ថកម្ម នយោបាយទឹក តួយ៉ាងដូចជាតួអង្គសមជា​ដើម។
      • កាលកំណត់តែង៖ ឆ្នាំ១៩៦០, ៦១
      • អ្នកនិពន្ធ៖ សួន សុរិន្ទ


      សង្ខេបរឿង
                សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុក​ម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅ​ភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀង​បានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពី​ខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។
               មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូល​ដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រ​ពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។
               ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការ​យល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុក​បានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺ​ចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តី​នាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុក​ចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កល​ថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។
               បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅ​ថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។
               ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហា​មន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយ​កាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។
               រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យា​យាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមក​ស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។
               សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បាន​តែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។
                សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិត​ស្ថេរ​ទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។
                ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នក​នយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាង​រាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។
                សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់​ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។
                នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ​នរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។
                បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅ​ពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោក​យ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។
                បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំ​ខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។
                ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរ​ឆក់។
               បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់​ឃុំ​ឃាំងក្នុងគុក៦ខែ។
               សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរ​ពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែ​សមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យ​សមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។
               ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយ​កិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីក​រាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។
               ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក​ គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។
      • ប្រធានរឿង៖ ដំណើររឿងឃើញថា ប្រធានរឿងទាក់ទងទៅនឹងវាសនាតោកយ៉ាកក្រីក្ររបស់​ប្រជាកសិករក្រោមរបបអាណានិគមនាយទុន និងបង្ហាញពីមាគា៌ដឹកនាំដ៏ភ្លឺស្វាងរបស់​សម្តេចឪ។
      • មូលបញ្ហា៖ ការតស៊ូផ្នែកជីវភាព និងផ្នែកឧត្តមគតិរបស់អ្នកក្រីក្រក្រោមរស្មីនៃរបបសង្គម​រាស្រ្តនិយម។

      រឿង ថៅកែចិត្តចោរ

      • ប្រភពរឿង៖ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រសួងអប់រំឆ្នាំ ១៩៨៩។
      • ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ
      • ចលនា៖ អក្សរសិល្ប៍ខេមរនិយម
      • ឥទ្ធិពល៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលពីពួកមូលធននិយមពីព្រោះនៅក្នុងដំណើរ​រឿង អ្នកនិពន្ធបានបង្ហាញឲ្យពួកមូលធននិយមជាអ្នកឈ្នះ។
      • កាលកំណត់តែង៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ១៩៥៦ជាកម្រង​អត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញ មានលក្ខណៈជាល្ខោននិយាយ។ ខ្លឹម​សារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ កញ្ញា ១៩៨១ បោះ​ពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្រ្តស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩។
      • អ្នកនិពន្ធ៖ រឿងថៅកែចិត្តចោរតាក់តែងឡើងដោយអ្នកនិពន្ធឈ្មោះ ពៅ យូឡេង និង អ៊ុំ ឈឺន
      • សង្គមបរិយាកាស៖ ដំណើររឿងរឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើប​បានទទួលឯករាជ្យដំបូង។
      សង្ខេបរឿង
               នៅឆ្នាំ១៩៥៦ មានព្រឹត្តិការណ៍មួយកើតឡើងនៅទីក្រុងភ្នំពេញ គឺលោកថៅកែបានប្រើឲ្យពូ​ហំបើកឡានបុកឡានរបស់អុងប៉ាងហុងលីដោយសន្យាថាឲ្យលុយ ១០០០០រៀល។ ក្រោយមក​គេ​ឃើញពូហំ និងផានីតកំពុងជជែកគ្នាពីរឿងនេះដោយផានិតបានឲ្យពូហំរត់គេចខ្លួន ប៉ុន្តែពូហំមិន​រត់​ទេ គឺចាំយកលុយមួយម៉ឺនពីថៅកែសិន ព្រោះត្រូវការយកលុយនេះទៅឲ្យម្តាយធ្វើបុណ្យ និងឲ្យកូន​ទិញប្រដាប់ប្រដាររៀនសូត្របន្តទៅទៀត។ មួយសន្ទុះក្រោយមកទើបឃើញថៅកែចូលមកដល់​ ពូ​ហំក៏សុំលុយពីថៅកែ ថៅកែបែរជាបដិសេធទៅវិញ ហើយឲ្យតែ ២០០រៀល ដោយយកលេសថា គាត់មិនបានប្រើពូហំបើកឡានបុកគេឲ្យស្លាប់នោះទេ។ អ្នកទាំងពីរក៏មានការឈ្លោះប្រកែកប្រ​ណាំងគ្នា តែនៅតែមិនព្រមត្រូវគ្នាទេ ព្រោះថៅកែមិនព្រមឲ្យលុយ ១០០០០រៀលទៅពូហំ។
               នៅផ្ទះពូហំឯណេះវិញមានប៉ូលីសជាច្រើនទៅឡោមព័ទ្ធចាប់ពូហំ ប៉ុន្តែប្រពន្ធគាត់ប្រាប់ថា​ប្តី​គាត់អត់មកផ្ទះ៤, ៥ថ្ងៃហើយ។ ពួកក្រុមប៉ូលីសក៏ត្រឡប់ទៅផ្ទះរបស់ថៅកែ ឃើញអ្នកទាំងពីរ​ប្រកែកគ្នា ប៉ូលីសក៏សួរថា "នរណាជាចោរ?" យើងជាក្រុមនគរបាល ប្រាប់មុខចោរយើងមក យើង​នឹងចាប់"។ ពេលនោះអ្នកទាំងអស់គ្នាក៏ជ្រួលច្របល់ពូហំបានសារភាពថាគាត់ជាអ្នកបើកឡានបុក​ឡានរបស់អាហុងលី ប៉ុន្តែនេះគឺដោយសារថៅកែបញ្ជាឲ្យបុកដែរត្រូវតែចាប់ទាំងថៅកែ។ ថៅកែ​ប្រកែកថាពូហំនិយាយកុហក ពេលនោះមានផានិត គង់ ទ្រី សុខមានជួយធ្វើជាសាក្សីឲ្យពូហំ។ ស្រាប់តែថៅកែបានអូសដៃប៉ូលីសទៅខ្សឹបប៉ូលីសក៏ចាប់ពូហំយកទៅក្រសួងនគរបាលដោយទុក​ឲ្យប្រពន្ធពូហំយំសោកបោកប្រាណអាណិតប្តី។ ទីបញ្ចប់មានសុខ គង់ ទ្រី និងផានីតក៏ត្រូវបាន​ថៅ​កែដេញចេញឈប់ឲ្យធ្វើការងារនៅទីនោះ។
      • ប្រធានរឿង៖ រឿងនេះនិយាយពីអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។
      • មូលបញ្ហារឿង៖ បើតាមការពិនិត្យទៅតាមសាច់រឿង យើងអាចទាញនូវបញ្ហាដូចតទៅ៖ ទី១ ការ​កាន់នូវសច្ចធម៌ ចេះសាមគ្គីគ្នារវាងកម្មករទៅនឹងជីវភាពរបស់ខ្លួន។ ទី២ អយុត្តិធម៌ឈ្នះ​យុត្តិធម៌ដោយសារទឺកលុយ។

      ជីវប្រវត្តុិ អ្នកនិពន្ធ

      ហកថសរ្កងកបន

      រឿង ស៊ឹមអ្នកបរឡាន


      • ប្រភពរឿង៖ ដំណើរកើតឡើងនៅប្រទេសកម្ពុជា
      • ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបមនោគមវិជ្ជា
      • ចលនា៖ ខេមរនិយម
      • អ្នកនិពន្ធ៖ អ៊ឹម ថុក
      • សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមនិយមបារាំង ដែលក្នុង​កាលនោះអ្នកមានអំណាច អ្នកមានលុយជិះជាន់ញើសឈាមអ្នកក្រដូចសត្វធាតុ។
      សង្ខេបរឿង៖
              មីងប្រេម ម៉េងជាកម្មករម្នាក់នៅក្រុមបេតុងបានត្អូញត្អែរពីរឿងធ្វើការងារដោយត្រូវកាត់មួយ​ថ្ងៃសូកគេដើម្បីបានការងារធ្វើ។ ពេលព្រះអាទិត្យជិតថ្ងៃត្រង់ អ្នកធ្វើការទាំងអស់បានសប្បាយ​ចិត្ត ព្រោះដល់ម៉ោងសម្រាកពីការងារ។ បន្ទាប់ពីប្រគល់សម្ភារៈឲ្យអ្នកយាមឃ្លាំងរួច គូលីក៏បំបែកគ្នា​ទៅ​ផ្ទះរៀងៗខ្លួន។ រីឯគូលីណាដែលផ្ទះនៅឆ្ងាយក៏សម្រាកនៅកន្លែងធ្វើការ ខ្លះទៀតនៅតាមសំយាប​ផ្ទះ ឬក្រោមម្លប់ក្បែរនោះ។ មីងប្រេម ម៉េង នាងប្រុញ និងគូលីម្នាក់ទៀតដែលសម្រាកនៅកន្លែង​ធ្វើ​ការក៏ចូលវង់ទទួលទានបាយជាមួយគ្នាដោយមានម្ហូបក្រៀមក្រោះ។ ពួកគេហូបបាយបណ្តើរ និយាយត្អូញត្អែរពីភាពលំបាករបស់ពួកគេបណ្តើរ អំពីការធ្វើការងារហើយទទួលបានបា្រក់ខែ​បន្តិច​មិនអាចចាយវាយបានគ្រប់គ្រាន់។
               ថ្ងៃបើកលុយមកដល់គូលីទាំងអស់អង្គុយចាំបើកលុយពីប្រពន្ធថីសេហ្វដោយទឹកមុខរីក​រាយ។ ប៉ុន្តែភាពញញឹមនេះមិនបានកន្លះម៉ោងទេ ព្រោះនៅខាងក្រៅ មានចឹកលក់ការ៉េម និងមីង​ពតអ្នកលក់នំបញ្ចុកចាំទារលុយពីពួកកម្មករដែលស៊ីជំពាក់គាត់។ មីងប្រេម ហ៊ី សុទ្ធតែបានជំពាក់​ចឹកការ៉េម និងមីងពតព្រោះគាត់ទ្រាំអស់កម្លាំងមិនបាន។
               ស៊ឹមជាអ្នកបរឡានឲ្យលោកធំ។ ស៊ឹមជាអ្នកតាមដានអានកាសែតបានច្រើនក៏រៀបរាប់ពីការ​រស់នៅរបស់កម្មករនៅប្រទេសដទៃឲ្យភ្ញៀវស្តាប់ និងបានជួយពន្យល់ណែនាំដល់ក្រុមមីងប្រេមពី​ការរស់នៅរបស់កម្មករនានានៅប្រទេសដទៃទៀតដែលគោរពលទ្ធិប្រជាធិបតេយ្យ។ ស៊ឹមបាន​ពន្យល់ឲ្យគូលីទាំងអស់រៀនអានកាសែតដែលផ្សាយពីស្រុកប្រជាធិបតេយ្យ ដើម្បីចងជាសមាគម ឬសហជីពការពារកម្មករ។
              ថ្ងៃមួយស៊ឹមបរឡានជូនលោកធំគាត់ទៅជួបមិត្តភក្តិ ហើយលោកឲ្យសឹមមកទទួលគាត់វិញ​នៅម៉ោង១១កន្លះ។ ស៊ឹមចាំលោកតាំងពីម៉ោង១១កន្លះរហូតដល់សារ៉ែនរោទិ៍ ក៏នៅតែមិនឃើញ​លោកចេញមក ស៊ឹមក៏បើកឡានទៅមុនចោលលោក។ ពេលលោកត្រឡប់មកវិញស្តីបន្ទោសឲ្យ​ស៊ឹមជាច្រើនដែលស៊ឹមព្រហើនហ៊ានបើកឡានចោល ទោះបីជាស៊ឹមខំពន្យល់ហេតុផលដោះសារ​យ៉ាងណាក៏ដោយ។ លោកស្រីប្រពន្ធលោកក៏ជួយពន្យុះបន្ថែម។
              ស៊ឹមក៏ប្រាប់ពូសនពីរឿងបើកឡានចោលលោក។ ពូសនបញ្ចេះស៊ឹមឲ្យទៅសុំទោសលោក តែ​ស៊ឹមតវ៉ាមិនព្រមសុំទោសទេ ព្រោះគាត់ធ្វើការមានម៉ោងពេលកំណត់ត្រឹមត្រូវ។ ស៊ឹមក៏បានពន្យល់​ពូសនពីស្រុកឯករាជ្យ ស្រុកប្រជាធិបតេយ្យ ដូច្នេះការធ្វើការងារត្រូវគោរពម៉ោងពេល គោរពសិទ្ធិ​សេរីភាពការងារ។ ប៉ុន្តែពូសនក៏ទូន្មានស៊ឹមវិញថា "ពងមាន់កុំជល់នឹងថ្ម"។ ដោយស៊ឹមមិនស្តាប់​ ពូ​សនខឹងហើយក៏ដើរចេញសំដៅឡានគាត់ទៅ។
                ពូសនត្រឡប់មកពីជូនចៅហ្វាយគាត់ទៅដើរលេងនៅកែបរួចមក ក៏ត្រឡប់មកជូនចៅហ្វាយ​ទៅធ្វើការដូចសព្វដង។ ពូសនដើរសំដៅទៅស៊ឹមរួចសំណេះសំណាលគ្នាពីរឿងការងារ។ ពូសន​សួរស៊ឹមពីរឿងបើកឡានចោលលោកកាលពីថ្ងៃមុន ហើយនៅតែជំរុញឲ្យស៊ឹមទៅសុំទោសលោក​ទៀត ប៉ុន្តែស៊ឹមវិញនៅតែប្រឆាំងនឹងគំនិតចាស់គំរិលរបស់ពូសន ហើយថែមទាំងប្រាប់ពូសនថា​ពេលនេះលោកលែងហ៊ានប្រើគាត់ផ្តេសផ្តាសទៀតហើយ ឯលោកស្រីក៏និយាយរកស្រួលវិញ​ដែរ។ ពេលនេះគាត់មានពេលច្រើននៅជាមួយប្រពន្ធកូន។ ស៊ឹមថែមទាំងបានពន្យល់ពូសនឲ្យខំ​អានសៀវភៅ មើលកាសែតឲ្យបានច្រើនហើយហ៊ានរកខុសត្រូវនោះអ្នកធ្លាប់រំលោភជិះជាន់ក៏បែរ​ជាល្អវិញ។ ពូសនក៏បានយល់ស្រប ហើយអានសៀវភៅរបស់ស៊ឹមដោយជក់ចិត្ត។
      • ប្រធានរឿង៖ ការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជនពីសំណាក់អ្នកជិះជាន់​កាន់អំណាច។
      • មូលបញ្ហារឿង៖ បញ្ហាទំនាស់វិបត្តិក្នុងសង្គមរវាងវណ្ណៈ និងវណ្ណៈដែលកើតមកពីការរំលោភ​កេងប្រវ័ញ្ច និងការតស៊ូមោះមុតប្រឈមមុខនឹងភាពក្រីក្រ និងការរើបម្រះមិនចុះញ៉ម។

      រឿង​​ សូផាត

      • ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រលោមលោកទំនើបបែបមនោសញ្ជេតនា
      • ចលនា៖ ជាចលនាអក្សរសិល្ប៍ខេមរនិយម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិ​គមបារាំង។
      • កាលកំណត់តែង៖ ១៩៣៨
      • អ្នកនិពន្ធ៖ រីម គីន
      សង្ខេបរឿង
               លោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ។ អ្នកស្រុកទាំងពួងដឹងថាលោ​ក​បានទៅលួចរួមរ័ក្សជាមួយស្រី្តកំព្រាម្នាក់ឈ្មោះសូយា។ ក្រោយមកលោកត្រូវបានរាជការធំផ្លាស់​លោកទៅក្រុងភ្នំពេញ។ លោកសួនមិនអាចនាំនាងសូយាដែលមានផ្ទៃពោះទៅជាមួយដោយសារ​តែម្តាយលោកបានដណ្តឹងកូនគេបញ្ចាំចិត្តរួចហើយ។ លោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយា​ហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញ។ នាងសូយានៅស្រុកតែម្នាក់ឯង ក្រោយមកឆ្លងទន្លេ​បានកូនប្រុសឈ្មោះសូផាត។ ម្តាយកូនពីរនាក់រស់នៅយ៉ាងកំសត់ សូម្បីតែសំបុត្រមួយបន្ទាត់ពី​លោកសួនក៏នាងមិនបានទទួលដែរ។ ពេលដឹងថាលោកសួនមានប្រពន្ធថ្មី នាងក៏ចាប់ផ្តើមឈឺ​រហូតដល់ស្លាប់ ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុបានប្រាំបីឆ្នាំ។ លុះដល់អាយុ​បានដប់ពីរឆ្នាំ កុមារចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួន។
               ពេលទៅដល់ភ្នំពេញ សូផាតស្នាក់នៅក្នុងវត្តឧណ្ណាលោមហើយបានស្គាល់ក្មេងម្នាក់ឈ្មោះ​ណារិន។ ក្រោយមកឪពុកធម៌ណារិនយល់ព្រមឲ្យសូផាតស្នាក់នៅជាមួយ។ ថ្ងៃមួយក្រោយពេល​សូផាតងូតទឹករួចភ្លេចចិញ្ចៀន​នៅក្នុងបន្ទប់ទឹក។ នាងម៉ានយ៉ានចូលទៅដល់បន្ទប់ទឹកក៏ប្រទះ​ឃើញចិញ្ចៀននោះ ហើយប្រគល់ឲ្យលោកឧកញ៉ា។ លោកក៏ជ្រាបដឹងថា សូផាតជាកូនបង្កើត​របស់ខ្លួន។
              នាងអ៊ូរីជាកូនក្រមុំអ្នកជិតខាងចាប់អារម្មណ៍លើសូផាតរហូតដល់ទប់កេរ្តិ៍ជាស្រ្តីពុំបានក៏ឡើង​ទៅបន្ទប់សូផាតទាំងយប់ តែត្រូវបានសូផាតប្រាប់ឲ្យចាកចេញ។ នាងម៉ាយ៉ានប្រទះឃើញទិដ្ឋ​ភាព​បែបនេះក៏អស់សង្ឃឹមដែលខ្លួនបានចាប់ចិត្តទៅលើបុរសបែបនេះ។ នាងគេចវេសខ្លួនចេញពី​សូផាតជាដរាប ហើយសូផាតក៏នឹកក្នុងចិត្តថាគេប្រហែលជាធ្វើអ្វីឲ្យនាងទាស់ចិត្ត ហើយក៏សម្រេច​ចិត្តចាកចេញពីផ្ទះនេះ។ ក្រោយពេលគ្រួសារលោកសួនដឹងថាសូផាតបានចាកចេញពីផ្ទះ លោក​ក៏​ចេញបញ្ជាឲ្យគេតាមរក ស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដោយស្មានថាជាសូផាត។ ចំណែកឯសូផាតវិញបានទៅរស់នៅជាមួយមេស្រុកសុខហើយប្តូរឈ្មោះខ្លួនទៅជាផនស៊ី។ ឯ​សំណាងជាកូនអ្នកមានក៏បម្រុងនឹងចូលស្តីដណ្តឹងនាងម៉ានយ៉ាន។ ក្រោយមកនាងម៉ានយ៉ានបាន​ទៅជួបនឹងសូផាតនៅផ្ទះមេស្រុកនោះដោយស្មានថាព្រលឹងខ្មោចសូផាតមកតាមរកនាង។ នៅថ្ងៃ​ដែលនាងរៀបការ នាងលោតសម្លាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបានអ្នកនេសាទជួយសង្គ្រោះ ពេល​នោះហើយដែលសូផាតបានជួបនឹងនាងម៉ានយ៉ានម្តងទៀត ហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយ​រៀង។ ដោយសារតែសូផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ ហើយនាង​ម៉ានយ៉ានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្ត អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញ ហើយជួបគ្នាដោយចៃដន្យនៅទីនោះ។ ទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញ ហើយរៀប​ចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណី ហើយរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពី​ពេលនោះមក។
      • ប្រធានរឿង៖ រឿងនេះចង់បង្ហាញពីជីវិតតស៊ូព្យាយាមរបស់យុវជនមួយរូបក្នុងនាមជាកូន​កំព្រា។
      • មួលបញ្ហារឿង
        • ការផិតក្បត់របស់លោកសួនចំពោះនាងសូយា (បន្សល់ទុកនូវកូនកំព្រា)
        • ការយល់ច្រឡំរបស់កំលោះក្រមុំ (សូផាត និងនាងម៉ានយ៉ាន)
        • បញ្ហាការតស៊ូរៀនសូត្ររបស់សូផាត
        • ស្នេហាស្មោះស្ម័គ្ររបស់កំលោះក្រមុំ (សុផាត និងនាងម៉ានយ៉ាន)
      • ឧត្តមគតិរឿង៖ 
        • ត្រូវចេះជួយយកអាសារ និងទំនុកបម្រុងគ្នាទៅវិញទៅមក
        • ត្រូវចេះតស៊ូព្យាយាមជំនះរាល់ការលំបាក
        • ត្រូវគោរពប្រពៃណីទំនៀមទម្លាប់ជាតិ
        • ត្រូវស្មោះត្រង់នឹងស្នេហា។

      ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ (ប្រធានបែបពិភាក្សា)

      ប្រធាន៖ មានទស្សនៈមួយពោលថា "ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។ តើមតិនេះត្រឹម​ត្រូវដែរ ឬទេ? ចូរពិភាក្សាដោយលើកយកសេចក្តីអះអាងមកប...