Friday, June 30, 2017

រឿង គូលីកំណែន


  • ប្រភពរឿង៖ រឿងគូលីកំណែនជាប្រលោមលោកបែបមនោគមវិជ្ជា ឆ្លុះបញ្ចាំងពីតថភាព​សង្គមកម្ពុជា ក្រោមនឹមអាណានិគមនិយមពីរ គឺបារាំង និងជប៉ុនដែលជារឿងមួយមានប្រភព​នៅក្នុងប្រទេសកម្ពុជាយើង ពីព្រោះដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងឃុំគោកចំបក់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។
  • ប្រភេទ៖ អក្សរសិល្ប៍ទំនើបដែលមានទស្សនៈជឿនលឿន និងមាននិន្នាការទៅខាងលទ្ធិសង្គមនិយម។
  • ចលនា៖ ខេមរនិយម ព្រោះបានបង្ហាញពីជីវភាពពិតៗក្នុងសង្គមខ្មែរក្នុងកាលៈទេសៈដែល​ត្រូវបរទេសត្រួតត្រា។
  • អ្នកនិពន្ធ៖ អ៊ឹម ថុក
  • កាលបរិច្ឆេទ៖ ខែសីហា ១៩៥៦
  • សង្គមបរិយាកាស៖ ដំណើររឿងបានប្រព្រឹត្តទៅចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (ពីឆ្នាំ​ ១៩២៧ ដល់ ១៩៤២) សម័យនោះប្រទេសកម្ពុជាឋិតក្រោមអាណានិគមបារាំង ជប៉ុន។
សង្ខេបរឿង៖
         ឆ្នាំ១៩៣៥ នៅភូមិគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមានការដកហូតងារមេឃុំកឹម រួចហើយលើកបន្តុបពូផាន់ជំនួសវិញ ព្រោះពូផាន់មានទ្រព្យសម្បត្តិច្រើន ពូកែទារពន្ធដារ និងចេះ​​ផ្គាប់ផ្គុនចៅហ្វាយនាយ។ ថ្ងៃអាទិត្យមេឃុំផាន់តែងនាំលោកចៅហ្វាយស្រុកទៅផឹកស៊ី រកស្រីញី ជាពិសេសជាមួយនាងខ្វែននៅភូមិដើមក្រសាំង។ ក្នុងពេលកេណ្ឌពលករឲ្យជប៉ុនម្តងៗ មេឃុំផាន់​បានច្រើនទាំងប្រាក់ និងសគុណ។ ក្នុងរយៈពេលធ្វើការ៥ឆ្នាំ មេឃុំផាន់ទទួលបានមេដាយដល់​ទៅ​ពីរ។
         លឹមជាកូនប្រុសរបស់តាង៉ែតយាយម៉ុកត្រូវមេឃុំផាន់កេណ្ឌឲ្យទៅធ្វើព្រលានយន្តហោះ​ពោធិ​ចិនតុង ទោះបីនៅសល់ជាងមួយខែទៀតត្រូវរៀបការក៏ដោយ។ លឹមជាអ្នកបួសរៀនខាងផ្លូវពុទ្ធ​សាសនា គេមានគំនិតជឿនលឿន មានជំនឿសមហេតុផលទៅលើទស្សនៈកម្មផល។ ការយល់​ដឹងការងាររាក់ជ្រៅក្នុងសង្គម លឹមបានយឹមដែលជាឧបាសកខើចជើងនៅបាសាក់ព្រះត្រពាំងជួយ​ណែនាំ។
         ពេលទៅកំណែននៅពោធិចិនតុង មេឃុំផាន់ និងលោកចៅហ្វាយស្រុកមានឧបាយកល​អាក្រក់ចង់បាននាងហេងដោយឲ្យយាយចាន់ធ្វើជាមេអណ្តើក។ ការនេះមិនបានសម្រេច មេឃុំ​ផាន់ក៏ប្រើវិធីគំរាមកំហែងថានឹងឲ្យប៉ូលីសមកចាប់នាងហេង។ យល់ហេតុការណ៍មិនស្រួល ពូ​ស្វាយមីងពតក៏នាំនាងហេងយកទៅលាក់ទុកនៅផ្ទះតាង៉ែត យាយម៉ុកក៏ដាច់ចិត្តបររទេះនាំអនា​គតកូនប្រសារគេចទៅលក់អង្ករនៅភ្នំពេញ រង់ចាំថ្ងៃលឹមវិលមកវិញទើបរៀបការតែម្តង។
         ជាគ្រោះកាច ពេលយន្តហោះអាមេរិចមកទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពជប៉ុន ពិសេស​ត្រង់ចេតិយវត្តឧណ្ណលោម តាង៉ែតយាយម៉ុក និងនាងហេងក៏ត្រូវស្លាប់យ៉ាងអណោចអធមដោយ​គ្រាប់បែកនោះទៅ។
         ពេលបញ្ចប់ការងារនៅឯពោធិចិនតុងហើយលឹមក៏វិលត្រឡប់មកភូមិកំណើតវិញ។ ពេល​នោះលឹមត្រូវបាត់បង់នូវអ្វីៗទាំងអស់ ឪពុកម្តាយ គូសង្សារក៏ត្រូវស្លាប់ជាមួយនោះអុងប៉ាងថាវក៏​រឹមអូសដីស្រែ ផ្ទះសំបែង ដើម្បីកាត់សងបំណុលខ្មោចឪពុក។
         ថ្ងៃមួយបន្ទាប់ពីបានទទួលសំបុត្រពីឧបាសកយឹម ដែលគ្រូសូត្រម៉ក់យកមកប្រគល់ឲ្យលឹមៗ​ក៏បានទៅជួបយឹមនៅផ្ទះនូដូងឯភ្នំពេញ។ លឹមត្រូវមានភារកិច្ចជូននូដូងដែលទើបរត់ចេញពីគុក​ទៅស្វាយដូនកែវដើម្បីបន្តចលនាតស៊ូជាមួយបារាំង។
         ម៉ឹងត្រូវជាប្អូនបង្កើតរបស់នូដូង ក្រោយពីបានរៀនចប់វិទ្យាល័យបានចូលទៅបម្រើការងារនៅ​ខេត្តព្រៃវែង។ ម៉ឹងបានសម្រាកនៅផ្ទះអ្នកគ្រូពេជ្រណារី។ អ្នកគ្រូនេះមានប្អូនស្រីជីដូនមួយឈ្មោះ​អ្នកគ្រូគូរស់។ ម៉ឹង និងអ្នកគ្រូគូរស់តែងនាំគ្នាដើរកំសាន្តនៅវាលស្រែប្រាំងហើយបានយល់ចិត្តថ្លើម​គ្នាដោយស្មោះ។ ក្រោយមកម៉ឹងបានទទួលសំបុត្រពីនូដូចជាបងឲ្យចូលព្រៃដើម្បីធ្វើការតស៊ូជា​មួយគ្នា។ យប់នោះម៉ឹងក៏សរសេរសំបុត្រជាពាក្យកាព្យដាក់ក្រោមពូកទុកឲ្យអ្នកគ្រូគូរស់ រួចក៏ចេញ​ទៅតាមបង។
         ឆ្នាំ១៩៥៤ សន្និសីទសឺណែវបានបង្ខំឲ្យបារាំងប្រគល់ឯករាជ្យឲ្យប្រទេសទាំងបីនៅឥណ្ឌូចិន។ ក្រោយពីបានជ័យជំនះ ស្រុកក៏បានឯករាជ្យ លឹមក៏ត្រឡប់មកភូមិកំណើតវិញជាមួយអ្នកតស៊ូឯ​ទៀត។ ចំណែកម៉ឹងពិការដៃម្ខាងក្នុងពេលតស៊ូ ហើយក៏សុខចិត្តរស់នៅបង្កបង្កើនផលឯស្រុកលើ។
         ដំណឹងនេះបានធ្វើឲ្យអ្នកគ្រូគូរស់កាន់តែពេញចិត្ត។ អ្នកទាំងពីរនៅតែរក្សាភក្តីភាពនឹងគ្នាជា​និច្ច ហើយម៉ឹងក៏បានកំណត់ពេលវេលាផ្តាំមកអ្នកគ្រូគូរស់ ដើម្បីទៅរៀបចំទ្រនំសុភមង្គលជាមួយ​គ្នាទៀតផង។
  • ប្រធានរឿង៖ រឿងគូលីកំណែន និយាយពីទុក្ខវេទនារបស់ប្រជាជនខ្មែរ ក្រោមរបបអាណានិ​គមបារាំង ជប៉ុន និងការជ្រៀតជ្រែកពីសហរដ្ឋអាមេរិក។
  • មូលបញ្ហា៖ ក្នុងរឿងនេះមានបញ្ហាសំខាន់ពីរគឺ បញ្ហាជីវភាពរស់នៅរបស់ប្រជារាស្រ្តខ្មែរជាប់​កំណែនជប៉ុន និងបញ្ហាសកម្មភាពតស៊ូរបស់ប្រជារាស្រ្តខ្មែរមានគំនិតជឿនលឿន "ខ្មែរ​ឥស្ស​រៈ" ប្រឆាំងនឹងពួកអាណានិគម។

គ្រូបង្រៀនស្រុកស្រែ


  • ប្រភពរឿង៖ រឿងគ្រូបង្រៀនស្រុកស្រែមានប្រភពចេញមកពីដំណើរការតស៊ូនយោបាយ​របស់គ្រូបង្រៀនមួយក្រុមនៅព្រៃទទឹង ខេត្តកំពង់ចាម ប្រទេសកម្ពុជា
  • ប្រភេទ៖ ជារឿងប្រលោមលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារ​នៃរឿងមានទំនាក់ទំនងទៅនឹងការតស៊ូនយោបាយ
  • ចលនា៖ រឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ព្រោះគោលគំនិត​រឿងឆ្លុះបញ្ចាំងនូវទស្សនៈលោកិយខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធ
  • ឥទ្ធិពល៖ សង្គមនិយម ព្រោះគោលគំនិតខ្លឹមសារបំផុសក្នុងផ្ទៃរឿងជាគំនិតជឿនលឿន
  • កាលកំណត់តែង៖ ១៩៥៧
  • អ្នកនិពន្ធ៖ លោក អ៊ឹម ថុក
សង្ខេបរឿង
         កសិករហមជាអតីតទាហានជើងក្រហម និងនាម៉ឺនតូចតាចក្នុងក្រសួងសាធារណការបាន​ត្រូវ​ប៉ូលីសតាមចាប់ខ្លួនដោយមូលហេតុគាត់ជាមេបំផុសបំផុលចលនាមហាជន ប្រជាជនឲ្យយល់ដឹង​ពីលទ្ធិប្រជាធិបតេយ្យ។ យល់ការណ៍មិនស្រួល និងដោយឯកភាពជាមួយសំណើយោបល់ពីមិត្តរួម​ចលនា បងហមក៏គេចខ្លួនមួយរយៈ។ ពេលគេចខ្លួនក្នុងរាត្រីនៅតាមផ្លូវ បងហមបានជួបសន្ទនា​យ៉ាងច្រើនជាមួយអន្ទិតឡឹម និងអាចារ្យសែម ដោយរៀបរាប់បង្ហាញអំពីអំពើឃោរឃៅរបស់ពួក​នាយទុនគ្រប់ប្រភេទ និងមាគា៌រៀបចំទម្រង់សង្គមឡើងវិញតាមទស្សនៈជឿនលឿនថ្មី។ សកម្ម​ភាពបំផុសចលនាមហាជនប្រជាជននេះត្រូវបានធ្វើឲ្យគ្រូម៉ៅជាប់គុកអស់រយៈពេល២ខែ។ គ្រូ​បង្រៀនដទៃៗទៀតក៏ត្រូវតាមដាន និងត្រូវក្រសួងអប់រំផ្លាស់ចេញពីភូមិម៉ាស៊ីនស្រូវជាពិសេស​ចំពោះគ្រូចន្ទ គ្រូថាន់ និងគ្រូវ៉ាត។ វិធានការរបស់ក្រសួងដែលចង់បង្អាក់ចលនាមហាជន និងផ្តាច់​ទំនាក់ទំនងជាមួយមហាជនពុំបានទទួលលទ្ធផលជាវិជ្ជមានទេ ពីព្រោះគ្រូផ្លាស់ថ្មីដែលមកជំនួស​ក៏មានទស្សនៈសង្គមដូចគ្រូមុនៗដដែល។ ក្រោយមកសុវត្ថិភាពក្នុងស្រុកព្រៃទទឹងក៏ប្រែជាមាន​សភាពធូរស្រាលឡើងវិញ ហើយអ្នកជាប់គុកនិងជាប់ពិរុទ្ធក៏ត្រូវរួចខ្លួន។ លុះដល់វិស្សមកាល ខែចេត្រ គ្រូចន្ទ គ្រូថាន់ គ្រូវ៉ាតក៏នាំគ្នាមកលេងភូមិម៉ាស៊ីនស្រូវវិញយ៉ាងសប្បាយរីករាយ។ គេបាន​ពិភាក្សាគ្នាអំពីគោលគំនិត និងមធ្យោបាយផ្សេងៗសម្រាប់រៀបចំសង្គមឡើងវិញ ក្នុងទស្សនៈ​គោលជំហរជឿនលឿនដដែល។

  • ប្រធានរឿង៖ ដំណើររឿងដែលឃើញថាប្រធានរឿងទាក់ទងនឹងការតស៊ូ ដើម្បីទាមទារសិទ្ធិ​សេរីភាព និងប្រជាធិបតេយ្យ។
  • មូលបញ្ហា៖ សកម្មភាពតស៊ូបំផុសចលនាមហាជន និងវិធានការបង្ក្រាប និងរាំងស្ទះដល់​ខ្សែ​រយៈចលនាមហាជន។

រឿង​ កុលាបប៉ៃលិន



  • ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន មានប្រភពកំណើតនៅលើដែនដី​នៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន​ចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំង។
  • ប្រភេទរឿង៖ អក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា
  • ចលនា៖ ខេមរនិយម
  • អ្នកនិពន្ធ៖ ញ៉ុក ថែម
  • កាលបរិច្ឆេទ៖ ១៩៣៦ ឬ ១៩៤៣
សង្ខេបរឿង៖
         នៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាចឺមដែលជាឪពុកចៅចិត្រ នៅស្រុកស្វាយប៉ោ ខេត្ត​បាត់ដំបង ជាត្រកូលសិរីពង្សកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ ទោះបីលោកគ្រូពេទ្យស្អាតខំប្រឹង​ព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយ។ មុននឹងស្លាប់ទៅគាត់បានផ្តែផ្តាំចៅចិត្រនូវគា​ថា​មួយបទថា "អត្តាហិ អត្តនោ នាថោ"។
         ក្រោយពីឪពុកស្លាប់ទៅ លោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅប៉ៃ​លិន នៅផ្ទះលោកហ្លួងរតនសម្បត្តិ ដែលជាឪពុកមារបស់លោក។ បានសំបុត្រពីគ្រូពេទ្យស្អាត​ហើយ ចៅចិត្រក៏ធ្វើដំណើរទៅប៉ៃលិន ហើយក៏បានលោកហ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយ​ធ្វើ​ជាកម្មករត្បូង។
         តាំងពីនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូស ឬទម្រន់ឡើយ ជា​ហេតុបណ្តាលឲ្យលោកហ្លួងរតនាសម្បត្តិពេញចិត្តយ៉ាងខ្លាំង។ ចំណែកពួកកម្មករដទៃទៀតក៏មាន​ការពេញចិត្ត ស្រឡាញ់រាប់អានចៅចិត្រគ្រប់ៗគ្នា។ យប់មួយចៅចិត្រច្រៀងបទយុវាភិរម្យនៅក្នុង​ខ្ទមរបស់ខ្លួន។ សំឡេងចម្រៀងធ្វើឲ្យឃុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺទ្រាំពីរោះមិនបាន ក៏បណ្តាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រ។ ឃុននារីនិងចៅចិត្រសន្ទនាគ្នាជាពាក្យផ្តោះ​ផ្តងផ្សេងៗ ហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់​គេរៀងៗខ្លួន។
          លុះស្អែកឡើង ពេលព្រឹកវេលាដែលចៅចិត្រទៅជីកត្បូង គេមានភ័ព្វបានជួយរវៃឡានម្ចាស់​របស់គេដែលបម្រុងទៅស្រុកសង្កែ ទទួលលោកបាឡាត់ស្រុក។ តាសុនអ្នកបើករថយន្ត កាលបើ​ឃើញចៅចិត្រចេះបើកឡាន គាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈ។ លោករតនសម្បត្តិក៏ព្រម​ឲ្យ​ចៅចិត្រជំនួសតាសុន។
         ក្នុងការស្នាក់ជូនដំណើរចៅហ្វាយទៅដល់ស្រុកសង្កែ ចៅចិត្របានកាន់កន្ត្រកដើរតាមក្រោយ​ឃុននារីទៅផ្សារទិញឥវ៉ាន់......។ ទិញឥវ៉ាន់សព្វគ្រប់អស់ហើយឃុននារី និងចៅចិត្រក៏ត្រឡប់ក៏​ត្រឡប់មកទទួលរតនសម្បត្តិ និងលោកបាឡាត់ស្រុកវិលទៅប៉ៃលិនវិញ។ តែអកុសលមកដល់​ពាក់កណ្តាលផ្លូវឡានក៏ខូចបណ្តាលឲ្យមានការទាស់សម្តីខ្លះរវាងចៅចិត្រ និងលោកបាឡាត់ព្រោះ​ម្នាក់ៗសុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងឃុននារី។
        ក្នុងការស្នាក់នៅកណ្តាលព្រៃចៅចិត្រ និងចៅហ្វាយក្រមុំនេះនិយាយផ្តោះផ្តងគ្នារហូតយល់​ចិត្តយល់ថ្លើមគ្នាខ្លះ។ រំពេចនោះ ស្រាប់តែមានចោរមួយក្រុមចេញមកប្លន់។ ចៅចិត្របានតតាំង​ប្រយុទ្ធជាមួយពួកចោរដោយអង់អាចបណ្តាលឲ្យពួកចោរត្រូវរបួសជាច្រើននាក់ ចំណែកចៅចិត្រ​ក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតី។ ក្រោយការរងរបួស គេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យ​ដោយមានការជួយជ្រោមជ្រែងពីលោកហ្លួងរតនសម្បត្តិ។ ដោយការខិតខំព្យាបាលជម្ងឹពីគ្រូពេទ្យ និងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីឃុននារី ចៅចិត្រក៏បានសះស្បើយវិញ។ ចាប់តាំងពី​ថ្ងៃនោះមកចៅចិត្រ និងឃុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ឯចរិត​ឆ្មើង​ឆ្មៃរបស់ឃុននារីក៏សាបសូន្យក្នុងគ្រានោះដែរ។
        ដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រ លោកហ្លួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្រ​ឲ្យ​កាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្តងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយ។
        ថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិដើម្បីសុំ​ទិញ​ត្បូង។ ក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្តូង​ជីក​ត្បូងជាមួយចៅចិត្រទុកឲ្យឃុននារី និងលោកបាឡាត់នៅក្នុងផ្ទះ។ ដោយសេចក្តីស្នេហាឥតព្រំដែន​លោកបាឡាត់បានចាប់នាងឃុននារីរំលោភ។ ចៅចិត្រមកទាន់​វាយលោកបាឡត់ដួល...។ លោក​រតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់ និងថៅកែផាន់តែបានព្រមានឈប់ឲ្យមកជាន់​ទីនេះទៀត។
         ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរ​ចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងឡើងទៅលើផ្ទះ​ប្រទះ​មេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរនេះបាន។ ចំណែក​លោក​បាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។
        ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរ​ចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងទៅលើផ្ទះប្រទះ​មេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរបាន។ ចំណែកលោកបា​ឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី​ ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។
         គុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំង ម្យ៉ាង​ដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រទៅលើឃុននារី លោកហ្លួងរតនៈក៏​រៀប​ចំផ្សំផ្គុំចៅចិត្រនិងឃុននារី ជាស្វាមីភរិយា ព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅ​យ៉ាងសុខសាន្ត។ គូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែង ហើយគេរស់នៅជាមួយគ្នាដោយ​សុខ​ក្សេមក្សាន្តកើតជាកូន ពូនជាចៅតរៀតទៅ។
  • ប្រធានរឿង៖ រឿងកុលាបប៉ៃលិន អ្នកនិពន្ធនិយាយពីដំណើរជីវិតរបស់ចៅចិត្រដែលពុះពារ​គ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិត ជាពិសេសអ្នកនិពន្ធបង្ហាញពីការជឿជាក់ និងការ​មានទំនុកចិត្តលើខ្លួនឯង (អត្តាហិ អត្តនោ នាថា)។
  • មូលបញ្ហារឿង៖ 
  • បញ្ហាទី១ ជុំវិញបញ្ហានៃជីវិតជាកូនកំព្រារបស់ចៅចិត្រ
  • បញ្ហាទី២ ជីវិតជាកម្ម​ករត្បូងនៅផ្ទះលោកហ្លួងរតនសម្បត្តិ
  • បញ្ហាទី៣ ទំនាក់ទំនងស្នេហារវាងចៅចិត្រ និងនាង​ឃុននារី
  • បញ្ហាទី៤ ជោគជ័យរបស់ចៅចិត្រលើការឈ្នានីសរបស់លោកបាឡាត់ចំពោះគ្រួ​សារលោកហ្លួងរតនសម្បត្តិ
  • បញ្ហាទី៥ ភាពជោគជ័យរបស់ចៅចិត្រ។

ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ (ប្រធានបែបពិភាក្សា)

ប្រធាន៖ មានទស្សនៈមួយពោលថា "ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។ តើមតិនេះត្រឹម​ត្រូវដែរ ឬទេ? ចូរពិភាក្សាដោយលើកយកសេចក្តីអះអាងមកប...