Sunday, July 2, 2017

ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ (ប្រធានបែបពិភាក្សា)

ប្រធាន៖ មានទស្សនៈមួយពោលថា "ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។ តើមតិនេះត្រឹម​ត្រូវដែរ ឬទេ? ចូរពិភាក្សាដោយលើកយកសេចក្តីអះអាងមកបញ្ជាក់។


សេចក្តីអធិប្បាយ
         នៅក្នុងសកលលោកយើងនេះ គេសង្កេតឃើញប្រទេសដែលនៅភូមិផងក្បែររបងជាមួយគ្នា តែងតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកលើគ្រប់វិវស័យ។ ក្នុងនោះដែរគេសង្កេតឃើញ​ការប្រើប្រាស់ភាសាខ្មែរភាគច្រើនបានខ្ចីមកពីភាសាបាលីសំស្រ្កឹត ដែលជាហេតុនាំឲ្យមានទស្សនៈ​មួយពោលថា "ភាសាបាលី សំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។
         តើមតិខាងលើនេះត្រឹមត្រូវដែរ ឬទេ?
         ដើម្បីជាជំនួយក្នុងការបកស្រាយវែកញែករកឲ្យឃើញច្បាស់នូវទស្សនៈខាងលើ ជាបឋម​យើងត្រូវយល់ន័យនៃពាក្យគន្លឹះជាមុនសិន។ "ភាសា" គឺជាពាក្យ ឬសម្តីដែលប្រើសម្រាប់ទាក់ទង​គ្នា ឬសម្តែងមនោសញ្ជេតនាប្រាប់គ្នាទៅវិញទៅមក។ "ម្តាយ" ជាអ្នកបង្កើត ឬជាអ្នកឲ្យកំណើត។ តាមន័យរបស់ប្រធានខាងលើ គឺភាសាបាលី សំស្រ្កឹតជាអ្នកឲ្យកំណើតដល់ភាសាខ្មែរ។
          តាមទស្សនៈដែលថាភាសាបាលី សំស្រ្កឹតជាម្តាយនៃភាសានោះគឺពិតជាប្រាកដណាស់ ព្រោះថាភាសាបាលីសំស្ក្រឹតមានដើមកំណើតនៅឥណ្ឌា ហើយបើតាមប្រវត្តិសាស្ត្រខ្មែរឃើញថា​ខ្មែរមានទំនាក់ទំនងជាមួយឥណ្ឌាតាំងពីសតវត្សទីមួយមកម្ល៉េះ។ ដូច្នេះឥណ្ឌាប្រាកដជាបាននាំ​ភាសាបាលី សំស្រ្កឹតមានកម្រិតខ្ពស់ និងបរិមាណច្រើនណាស់ក្នុងភាសាខ្មែរយើង ទាំងភាសា​និយាយ និងសរសេរ។ ឧទាហរណ៍សិលាចារឹករបស់ខ្មែរសុទ្ធតែសរសេរជាភាសាបាលី សំស្រ្កឹត រីឯ​ការប្រាស្រ័យទាក់ទងគ្នានៅសម័យមុនគឺយកភាសាបាលីសំស្រ្កឹតជាភាសាយាន ឬភាសាផ្លូវការ​ទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះភាសាបាលីសំស្រ្កឹតនៅតែមានឥទ្ធិពលលើភាសាខ្មែរភាគ​ច្រើនដដែល។​ ឧទាហរណ៍ ស្ថាប័ត្យកម្ម វប្បធម៌ ឯករាជ្យ សិល្ប៍...។ល។ មិនតែប៉ុណ្ណោះនៅតាម​វត្ត​អារាមការប្រើប្រាស់ភាសាបាលីសំស្រ្កឹតនៅតែពេញនិយម គឺព្រះសង្ឃសូត្រធម៌ជាភាសាបាលី​ សំស្រ្កឹតទោះសម្រាយជាខ្មែរក៏នៅតែសូត្រជាភាសាបាលីសំស្រ្កឹតដូចមុនដដែល។ ភស្តុតាងមួយ​ទៀតនេះ គឺផ្អែកទៅលើការស្រាវជ្រាវធំៗអន្តរជាតិដូចជា លោក J. Tau Pan ថា "ភាសាបាលី សំស្រ្កឹតជាមាតានៃភាសាខ្មែរ"។ សរុបសេចក្តីមកផ្អែកលើភស្តុតាងខាងលើនេះបានបង្ហាញយ៉ាង​ច្បាស់ថាភាសាបាលី សំស្ក្រឹតពិតជាមាតានៃភាសាខ្មែរមែន។
         ផ្ទុយទៅវិញបើយើងពិនិត្យឲ្យល្អិតល្អន់ម៉ត់ចត់ជាងនេះទៅទៀតឃើញថាភាសាបាលីសំស្រ្កឹត​ពុំមែនជាមាតានៃភាសាខ្មែរទេ។ និយាយដូចនេះ ព្រោះថាភាសាខ្មែរមានដើមកំណើតតាំងពីយូរ​លង់ណាស់មកហើយ គឺតាំងពីកំណកំណើតមនុស្សខ្មែរមកម៉្លេះ គឺប្រមាណ ៥០០០ឆ្នាំមុនគ.ស។ លើសពីនេះទៅទៀត ភាសាខ្មែរត្រូវបានពួកភាសាវិទូចាត់ចូលក្នុងអំបូរភាសាធំៗគឺអំបូរ "ខ្មែរមន" ខុសពីភាសាបាលីសំស្ក្រឹតរបស់ឥណ្ឌាស្ថិតនៅក្នុងអំបូរ "ឥណ្ឌូអឺរ៉ុប"។ ដូចគ្នានេះដែរភស្តុតាង​ដែលយើងហ៊ានកំណត់ច្បាស់ថាភាសាបាលីសំស្ក្រឹតមិនមែនជាម្តាយនៃភាសាខ្មែរ គឺនៅត្រង់ភា​សាខ្មែរមានលក្ខណៈពិសេសប្លែកពីបាលីសំស្ក្រឹតដូចជា ក្នុងការបន្លឺសម្លេង ភាសាខ្មែរគ្មានការ​លើកដាក់សម្លេងទេ ហើយមានចំនួនព្យាង្គតិច (ពីរព្យាង្គយ៉ាងច្រើន) ខុសពីភាសាបាលីសំស្កឹ្រត​មានចំនួនព្យាង្គច្រើន (បួន ឬប្រាំព្យាង្គ)។ ចំណែកស្រៈ និងព្យញ្ជនៈខ្មែរមានមូលភេទ អ អ៊ ហើយ​មានស្រៈកប់តួនៅក្នុងព្យាង្គទៀតផង។ លក្ខណៈពិសេសមួយទៀតគឺការបង្កើតពាក្យខ្មែរមានប្រើ​វិធីកំលាយដោយផ្នត់ដើម និងផ្នត់ជែក និងវិធីបន្សំ។ ឧទាហរណ៍ កើត > បង្កើត, កំណើត, ខ្នើត...។ ចំពោះលិង្គ និងវចនៈវិញភាសាខ្មែរគ្មានទេ ប៉ុន្តែយើងប្រើពាក្យសម្គាល់ដូចជាញី ឈ្មោល...។ ម្យ៉ាង​វិញទៀតភាសាខ្មែរក៏គ្មានក្បួនសម្ព័ន្ធងាយស្រួលក្នុងការបង្កើតប្រយោគ ព្រមទាំងមិនមានវិភត្តិដូច​ជាភាសាបាលីសំស្រ្កឹតទេ។ ប្រការសំខាន់គឺភាសាខ្មែរមានការវិវត្តិចំនួន៣ដំណាក់កាលមកហើយ គឺភាសាខ្មែរបុរាណ (ចាប់ដើមកំណើតមនុស្សខ្មែរ រហូតដល់សតវត្សទី១៥) ភាសាខ្មែរកណ្តាល (ចាប់ពីសតវត្សទី១៦ រហូតដល់សតវត្សទី១៩) និងភាសាខ្មែរបច្ចុប្បន្ន (ចាប់ពីសតវត្សទី២០ រហូត​មក)។ សរុបសេចក្តីមកភាសាបាលីសំស្ក្រឹតមិនមែនជាភាសាមេនៃភាសាខ្មែរនោះទេ គឺភាសាខ្មែរ​ជាអត្តសញ្ញាណរបស់ខ្មែរ និងស្ថិតនៅជាប់នឹងព្រលឹងរបស់ខ្មែរជារៀងរហូតដែលគ្មានបរទេសណា​មកបំភ្លៃបានឡើយ។
         ឆ្លងតាមការបកស្រាយ វែកញែកត្រួសៗមកយើងឃើញថាមតិស្របមិនទាន់ត្រឹមត្រូវទេ ព្រោះ​ភាសាបាលីសំស្ក្រឹតគ្រាន់តែជាកំចីបង្គ្រប់កង្វះខាតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតការប្រើប្រាស់ត្រូវបាន​យកមកច្នៃជាលក្ខណៈខ្មែរពិតៗ។ ឯមតិផ្ទុយវិញពិតជាត្រឹមត្រូវព្រោះយើងបានបង្កើតភាសាដោយ​ខ្លួនឯងតាំងពីខ្មែរមិនទាន់ទទួលវប្បធម៌ពីឥណ្ឌាមកម្ល៉េះ។ ហើយការយកភាសាបាលីសំស្រ្កឹតក៏​ត្រូវ​កែសម្រួលដើម្បីតម្រូវតាមទស្សនៈខ្មែរទាំងសូរសព្ទ និងរូបសព្ទ។ 
          ជាយោបល់បញ្ចប់ មតិរបស់ប្រធានដែលបានលើកឡើងមិនត្រឹមត្រូវទេ ព្រោះភាសាខ្មែរមាន​លក្ខណៈពិសេសរបស់ខ្លួន។ ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវតែស្វែងយល់ឲ្យច្បាស់​លាស់ និងស៊ីជម្រៅទៅលើអ្វីដែលជាលក្ខណៈពិសេសរបស់ជាតិខ្លួន និងត្រូវលើកស្ទួយវប្បធម៌​ជាតិឲ្យកាន់តែថ្កុំថ្កើន និងគង់វង្សជារៀងរហូត។

មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំមនុស្សទៅរកភាពថ្លៃថ្នូរបាន (ប្រធានបែបពិភាក្សា)


ប្រធាន៖ មានមតិមួយលើកឡើងថា "មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំ​មនុស្សទៅរកភាពថ្លៃថ្នូរបាន" ចុះអ្នកវិញយល់យ៉ាងណា? ចូរពិចារណា។


សេចក្តីអធិប្បាយ
         មនុស្សម្នាក់ៗនៅលើពិភពលោកយើងនេះ សុទ្ធតែមានបំណងប្រាថ្នាចង់រស់នៅមានសុភ​មង្គល មានកិត្តិយស មានការងារល្អធ្វើនៅក្នុងសង្គម។ ដើម្បីសម្រេចបាននូវគោលបំណងនេះ លុះ​ត្រាតែម្នាក់ៗតោងចាប់យកចំណេះវិជ្ជាឲ្យបានមត់មាំ និងជ្រៅជ្រះ លុះត្រាតែម្នាក់ៗតោងចាប់យក​ចំណេះវិជ្ជាឲ្យបានមត់មាំ និងជ្រៅជ្រះ ទើបជីវិតមានភាពភ្លឺស្វាងត្រចះត្រចង់។ ហេតុដូច្នេះហើយ​ទើបមានមតិមួយលើកឡើងថា "មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំមនុស្សទៅ​រកភាពថ្លៃថ្នូរបាន"។ 
         តើមតិនេះត្រឹមត្រូវដែរ ឬទេ?
         មុននឹងពិភាក្សាវែកញែកនូវប្រធានខាងលើឲ្យបានក្បោះក្បាយហើយគប្បីយល់នូវពាក្យខ្លះៗ​ជាមុនសិន។ ចំណេះវិជ្ជាមានន័យថា ចំណេះដឹងសព្វបែបយ៉ាងដែលកើតពីការរៀនសូត្រគ្រប់មុខ​វិជ្ជា។ ឯភាពថ្លៃថ្នូរមានន័យថាភាពដែលគួរឲ្យអ្នកផងស្រឡាញ់រាប់អាន និងកោតសរសើរ។ ប្រ​ធានបទខាងលើនេះចង់និយាយថាមានតែចំណេះដឹងតែមួយមុខគត់ដែលធ្វើឲ្យមនុស្សមានតម្លៃ មានការកោតសរសើរ និងមានការស្រឡាញ់រាប់អានពីអ្នកដទៃ។ 
          ជាការពិតណាស់ មានតែចំណេះវិជ្ជាទេដែលបានជួយមនុស្សឲ្យថ្កុំថ្កើងបាន ព្រោះចំណេះ​គឺ​ជាឃ្លាំងទ្រព្យ កាលណាមានចំណេះវិជ្ជាហើយ គេអាចយកចំណេះវិជ្ជានេះទៅប្រកបរបរបាន​គ្រប់យ៉ាងតាមជំនាញរបស់គេ។ ទ្រព្យនៃចំណេះវិជ្ជាគឺជាអរិយទ្រព្យ គឺទ្រព្យដ៏ប្រសើរ ងាយទុក​ស្រណុកដាក់ ពេលទៅណាមកណាមិនពិបាកវេចស្ពាយតាមផ្លូវដូចទ្រព្យនានា។ ទ្រព្យនេះចោរ​លួចមិនបាន ភ្លើងឆេះមិនដល់ កាលណាគេប្រើកាន់តែច្រើនកាន់តែចម្រើនឡើងថែមទៀត។ លើសពីនេះទៅទៀតចំណេះវិជ្ជាគឺជាអាវុធដ៏មុតថ្លាអាចកាប់ឆ្ការបាននូវឪបសគ្គតូចធំទាំងពួងបាន។
សូម្បីតែព្រះភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ ជាកវីខ្មែរដ៏ឆ្នើមមួយរូបក៏បានលើកតម្កើងពីតម្លៃនៃការវិជ្ជា​នេះដែរ ដូចត្រង់ចំណុចថា "បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ"។ ចំណែកនៅក្នុងអក្សរសិល្ប៍ខ្មែរក៏បានលើកឡើង​ពីគុណប្រយោជន៍នៃចំណេះវិជ្ជាតាមរយៈរឿងនីមួយៗដូចជាធនញ្ជ័យពេលទៅនៅស្រុកចិន ធនញ្ជ័យចេះធ្វើនំបញ្ចុកលក់ដោះស្រាយបញ្ហាជីវភាព។ លុះជាប់គុកសំរិទ្ធ ធនញ្ជ័យចេះធ្វើខ្លែងឯក​បញ្ឆោតស្តេចស្រុកចិនបានរួចខ្លួនចេញពីគុកវិញ។ រីឯនៅក្នុងរឿង "ទុំទាវ" នេះទុំ និងពេជ្រចេះ​ស្មូត្រ​បានយ៉ាងពិរោះធ្វើឲ្យអ្នកភូមិស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។ ចំណែកក្នុងរឿង "រាមកេរ្តិ៍" ព្រះ​រាមមានចំណេះវិជ្ជាយ៉ាងខ្លាំងក្លា ធ្វើឲ្យព្រះរាមអាចលើកធ្នូសរបស់ព្រះបាទជនកបាន កិត្តិយសព្រះ​រាមល្បីរន្ទឺពេញឋានទាំងបី។ បើយើងក្រឡេកទៅមើលចៅចិត្រ ក្នុងរឿង "កុលាបប៉ៃលិន" វិញ ក៏​មិនអន់ដែរពីឋានៈជាកម្មករជីកត្បូង រហូតក្លាយជាអ្នកកាន់បញ្ជី និងជាកូនប្រសាររបស់ថៅកែត្បូង​ថែមទៀត ក៏ដោយសារចៅចិត្របានប្រើប្រាស់ចំណេះវិជ្ជាដែលបានខិតខំក្របជញ្ជក់ទុកមក។ សរុបសេចក្តីមក ឃើញថាមានតែចំណេះវិជ្ជានេះហើយដែលនាំឲ្យមនុស្សមានភាពថ្លៃថ្នូរ ឧត្តុង្គ​ឧត្តមបាន។
         តើចំណេះវិជ្ជាសុទ្ធតែអាចដឹកនាំមនុស្សឲ្យទៅរកភាពថ្លៃថ្នូរបានទាំងអស់ ឬយ៉ាងណា? មិន​ដូច្នេះទេ ចំណេះវិជ្ជាមួយមុខមិនអាចដឹកនាំមនុស្សឲ្យមានភាពថ្លៃថ្នូរបានឡើយ ត្រូវមានកត្តារួម​ផ្សេងទៀត គឺសីលធម៌។ មានន័យថាបើមានតែចំណេះវិជ្ជា តែខ្វះសីលធម៌ប្រាកដជាយកទៅ​អនុ​វត្ត​ខុសទិសដៅ ឬប្រយោជន៍រួមហើយ គឺបំពេញតែមហិច្ចតាផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ឧទាហរណ៍ អាវុធ​ប្រល័យលោក បំផ្លាញពិភពលោកទាំងមូលឲ្យវិនាសហិនហោច ឬអ្នកខ្លះយកចំណេះទៅផលិត​ថ្នាំ​ញៀន ធ្វើឲ្យចលាចលពេញសង្គមទាំងមូល។ នេះបញ្ជាក់ថា ចំណេះវិជ្ជាបើគ្មានសីលធម៌ទេ ទោះ​ជាចេះយ៉ាងណាក៏ដោយក៏គ្មានតម្លៃសម្រាប់មនុស្សជាតិ ឬឲ្យគេគោរពដែរ។ ប៉ុន្តែបើចំណេះវិជ្ជា​គួបផ្សំនឹងសីលធម៌ទៀត ប្រាកដជាធ្វើឲ្យបុគ្គលនោះកាន់តែមានគុណតម្លៃលើសលប់សម្រាប់ជន​ទាំងពួងមិនខាន។ ដូចជាអាចារ្យហែមចៀវ លោកបានយកចំណេះវិជ្ជារបស់ខ្លួនប្រកបដោយសីល​ធម៌ វិចារណញ្ញាណទៅបម្រើឧត្តមប្រយោជន៍ជាតិ តស៊ូទាមទារឯករាជ្យពីបារាំង។ កិត្តិនាមរបស់​លោកត្រូវបានកូនចៅខ្មែរចារទុកក្នុងគ្រាំងប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន។ ចំណែកព្រះបាទជ័យ​វរ្ម័នទី៧ ក៏ដូចជាព្រះនាងឥន្ទ្រទេវីក្សត្រទាំងពីរបានប្រើប្រាស់ចំណេះរបស់ខ្លួនចំទិសដៅ ដោយ​តំកល់សុខទុក្ខរបស់រាស្ត្រក៏ដូចជាវាសនាអនាគតប្រទេសជាតិជាធំ នេះគឺជាគុណធម៌ថ្លៃថ្លាដែល​កុលបុត្រខ្មែរមួយណាទទួលស្គាល់ និងកោតស្ញប់ស្ញែងគ្រប់គ្នា។ ដូចនេះទោះជាចំណេះវិជ្ជាមាន​គ្រប់យ៉ាង យ៉ាងណាក៏ដោយក៏ពុំអាចខ្វះសីលធម៌បានឡើយ។ និយាយរួមតម្លៃរបស់មនុស្សក៏ត្រូវ​ពឹងផ្អែកលើសីលធម៌ដែរ។
         ការលើកឡើងក្នុងមតិស្របពុំទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយទេ ព្រោះគំនិតនេះត្រូវតែមួយជ្រុង​ប៉ុណ្ណោះ ទាល់តែបន្ថែមគំនិតក្នុងមតិផ្ទុយទៀតទើបគ្រប់គ្រាន់។ ដូច្នេះចំណេះវិជ្ជាដាច់ខាតត្រូវមាន​សីលធម៌ ទើបលើកតម្លៃមនុស្សឲ្យថ្លៃថ្នូរពិតប្រាកដ។
         ជាយោបល់បញ្ចប់ ឃើញថាមតិរបស់ប្រធានលើកឡើងពុំទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយទេ ដូច្នេះសូមនរជនទាំងឡាយត្រូវតែខិតខំស្វាធ្យាយរៀនរកចំណេះមកទុកដាក់ក្នុងប្រាណ គួបផ្សំនឹង​សីលធម៌ដ៏ល្អផូរផង់ដែលបព្វបុរសយើងបន្សល់ទុកមក នោះនឹងមានសុភមង្គលក្នុងគ្រួសារក៏ដូច​ជាជួយអភិវឌ្ឍសង្គមបានចំទិសដៅជានិរន្តរ៍។

ពាក្យភូតច្រើនចាញ់អាត្មា (ប្រធានបែបពិភាក្សា)


ប្រធាន៖ ក្នុងពុទ្ធិឱវាទបានអប់រំកុំឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរសខ្មែរក៏បានប្រដៅអប់រំកុំឲ្យ​ភូតកុហកដែរ។ ដូច្នេះទើបមានមតិមួយពោលថា "ពាក្យភូតច្រើនចាញ់អាត្មា"។ តើពាក្យភូតពិតជា​​ចាញ់អាត្មាមែនដែរ ឬទេ? ចូរពិភាក្សាដោយលើកយកអំណះអំណាងក្នុងការរស់នៅ និងក្នុងអក្សរ​សិល្ប៍មកបញ្ជាក់។


សេចក្តីអធិប្បាយ
         អណ្តាតមានតួនាទីសម្រាប់គ្រលាស់បញ្ចេញសូរសៀងពាក្យសម្តីសម្រាប់ប្រាស្រ័យទាក់ទង​គ្នា។ ប៉ុន្តែពាក្យពេចន៍ដែលរលាស់ចេញមកនោះអាចមានប្រយោជន៍ ឬគ្មានប្រយោជន៍ ពាក្យពិត ឬមិនពិត អាស្រ័យលើចេតនា វិចារណញ្ញាណរបស់អ្នកនិយាយ។ អាស្រ័យហេតុនេះទើបព្រះសម្មា​សម្ពុទ្ធបានបញ្ញត្តិនៅក្នុងនិច្ចសីលត្រង់សិក្ខាបទទី៤ មិនឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរស​ខ្មែរក៏បានអប់រំប្រៀនប្រដៅដល់បុត្រធីតាកុំឲ្យពោលពាក្យកុហកដែរ ដោយលោកបានលើកជាសុ​ភាសិតមួយឃ្លាថា "ពាក្យភូតច្រើនចាញ់អាត្មា"។
        តើពំនោលខាងលើពិតជាត្រឹមត្រូវទាំងស្រុង ឬទេ?
         មុននឹងបកស្រាយប្រធានខាងលើឲ្យបានក្បោះក្បាយល្អ យើងគប្បីយល់នូវពាក្យគន្លឹះមួយ​ចំនួនជាមុនសិន។ "ភូត" មានន័យថាកុហក និយាយមិនពិត បោកប្រាស់ពោលពាក្យមិនទៀងត្រង់ ឯ"អាត្មា" គឺសម្តៅលើខ្លួនយើងផ្ទាល់។ អត្ថន័យរបស់ប្រធានខាងលើចង់និយាយថា "ពាក្យភូតកុ​ហកបោកប្រាស់ច្រើននាំទុក្ខដល់ខ្លួនវិញ"។
       ជាទូទៅមនុស្សយើងប្រាស្រ័យទាក់ទងគ្នាតាមរយៈពាក្យសម្តី។ ដូចនេះពាក្យសម្តីត្រូវតែជា​ពាក្យពិត ពាក្យមានប្រយោជន៍ ពាក្យសច្ចៈ មិនត្រូវកុហកបោកប្រាស់គ្នា។ ការដែលទម្លាប់និយាយ​កុហកភូតភរនេះលោកចាស់ទុំបុរាណយើងបានប្រដៅថា "ពាក្យភូតច្រើនចាញ់អាត្មា" មានន័យថា​ការដែលយើងកុហកគេ លុះពេលគេដឹងការពិតគេនឹងស្អប់ ឬប្រទេចផ្តាសាធ្វើឲ្យខ្លួនអាម៉ាស ត្រូវ​អ្នកជិតខាងមើលងាយ ស្អប់ខ្ពើមលែងចង់និយាយរកថែមទៀតផង។ ជួនកាលពាក្យមុសានោះ​បណ្តាលឲ្យអន្តរាយដល់ខ្លួនឯង និងគ្រួសាររបស់ខ្លួនទៀត។ ទីបំផុតក៏មានវិប្បដិសារីស្តាយនូវ​ទង្វើ​ដែលខ្លួនបានប្រព្រឹត្តរួចទៅហើយ ទោះជាចង់កែក៏ហួសពេលទៅហើយដែរ។ ពាក្យមុសានេះ បើ​តាមទ្រឹស្តីពុទ្ធសាសនានឹងធ្វើឲ្យអ្នកនិយាយមានបាបកម្មធ្លាក់នរក ហើយត្រូវទទួលទណ្ឌកម្មទៅ​តាមកម្រិតទោសនៅឋាននរកនោះ។ ទោះបីជាមិនទាន់ស្លាប់ធ្លាក់នរកក៏ដោយ ក៏កម្មពៀរនៃ​ពាក្យ​មុសានោះមកលងអន្ទោលជាប់ប្រាណជាប្រចាំ។ ឧទាហរណ៍អ្នកលក់ដូរ អាជីវករ ឬពាណិជ្ជករ​ដែលយកទំនិញក្លែងក្លាយហួសកំណត់មកលក់ដោយនិយាយបោកប្រាស់អ្នកទិញថាល្អ សុទ្ធ លុះ​ពេលគេយកទៅប្រើពុំដូចអ៊ីចឹង គេនឹងជេរផ្តាសាឲ្យលក់លែងដាច់ជាដើម ហើយគេនឹងឈប់ទិញ​ទំនិញអ្នកនោះរហូត។ រីឯព្រះសង្ឃដែលតែងតែពោលពាក្យមុសា បោកប្រាស់ពុទ្ធបរិស័ទឲ្យគេ​ជឿ​ជាក់លើខ្លួនដើម្បីបានលាភសក្ការៈច្រើន លុះយូរទៅគេដឹងការពិតក៏ខ្មាសគេ ហើយបើតាមវិន័យ​ពុទ្ធសាសនាគឺត្រូវទទួលអាបត្តិ ព្រមទាំងត្រូវគេចាប់ផ្សឹកជាដើម។ ចំណែកអ្នកនយោបាយវិញក៏​ដូចគ្នាដែរ អ្នកនយោបាយណាដែលដើរតែបោកប្រាស់រាស្ត្រ ដោយសន្យាគ្រប់បែបយ៉ាងដើម្បីឲ្យ​រាស្រ្តបោះឆ្នោតឲ្យ។ ក្រោយពេលជាប់ឆ្នោត ហើយក៏ក្បត់ពាក្យសន្យា ប្រើឫកក្រអើតក្រទមដាក់​ប្រជារាស្ត្រវិញ។ អ្នកនយោបាយនោះនឹងត្រូវរាស្ត្រស្អប់ខ្ពើម ហើយឈប់បោះឆ្នោតឲ្យជារៀងរហូត បើយើងក្រលេកមើលក្នុងរឿងព្រះវេស្សន្តរ ជូជកបានទៅកុហកព្រះបាទស្រីសញ្ជ័យដើម្បីយក​ជាលីក្រស្នាមកដូរជាមាសប្រាក់ និងរបស់ទ្រព្យផ្សេងៗ។ ទីបំផុតក៏ត្រូវបាបកម្មបែកពោះស្លាប់យ៉ាង​ទាន់ហន់។ ចំណែកក្នុងរឿងធនញ្ជ័យលោកសេដ្ឋីបានបោកប្រាស់ធនញ្ជ័យដោយយកអំបុកមក​ពង្រាយលើចង្អេរឲ្យធនញ្ជ័យថាអំបុកច្រើន។ លុះពេលធនញ្ជ័យដឹងការពិតហើយធនញ្ជ័យក៏​តាម​ផ្ចាញ់លោកសេដ្ឋីគ្រប់ពេល។ រីឯក្នុងរឿងរាមកេរិ៍វិញ ដោយសារព្រះរាមចង់ឲ្យនាងសីតាត្រឡប់មក​រកខ្លួនវិញ ព្រះរាមបានបញ្ជាឲ្យគេរៀបចំពិធីបុណ្យសពក្លែងក្លាយមួយដើម្បីបញ្ឆោតនាងសីតា។ ដំបូងនាងសីតាស្មានថាមែនទែន ក៏ទួញយំសោកបោកខ្លួននៅទល់មុខកោដិដែលព្រះរាមពួននៅ​ក្នុងនោះ។ លុះគ្រាដឹងការពិតថាព្រះរាមមិនទាន់ស្លាប់ នាងសីតារឹតតែខឹង រឹតតែស្អប់ព្រះរាមខ្លាំង​ឡើង និងត្មះតិះដៀលព្រះរាមជាច្រើន។ ជារួមមកយើងឃើញថាការពោលពាក្យកុហកភូតភរនេះ​មិនត្រឹមតែធ្វើឲ្យអ្នកដទៃក្តៅក្រហាយប៉ុណ្ណោះទេ ថែមទាំងមានទុក្ខដល់ខ្លួនវិញដូចពាក្យចាស់​លោក​ថាមែន។
         តើពាក្យកុហកសុទ្ធតែនាំទុក្ខដល់ខ្លួន ឬយ៉ាងណា? មិនប្រាកដទាំងស្រុងនោះទេ។ ពាក្យចាស់​មួយឃ្លាលោកពោលថា "ផ្លូវវៀចកុំបោះបង់" មានន័យថាពាក្យកុហកខ្លះក៏មានប្រយោជន៍ដែឬ។ ពាក្យកុហកនាំឲ្យយើងមានការរីកចម្រើនអាចធ្វើឲ្យគេជឿទុកចិត្ត និងធ្វើឲ្យរស់នៅចុះសម្រុងក្នុង​សង្គម និងអាចរក្សាអាយុជីវិតបានទៀតផង។ ជាក់ស្តែងនៅសម័យប៉ុលពត អ្នកណាមួយដែល​ហ៊ាននិយាយការពិតថាខ្លួនជាគ្រូបង្រៀន វិស្វករ ឬជាបញ្ញវ័ន្ត... ប្រាកដជាត្រូវពួកឃាតករអាវខ្មៅ​យកទៅសម្លាប់ចោលភ្លាម។ ដូច្នេះពួកគេត្រូវតែអនុវត្តទ្រឹស្តី "លាក់ការណ៍ខ្ពស់រស់បានយូរ" ថាជា​កសិករគ្មានបានរៀនសូត្រ គ្មានចំណេះដឹងអ្វីទេ ទើបអាចរក្សាជីវិតបានដល់សព្វថ្ងៃ។​ ចំពោះ​អ្នក​លក់ដូរវិញ បើមិនចេះអួតរបស់ខ្លួនឯងខ្លះ តើមានអ្នកណាគេមកទិញទំនិញខ្លួន។​ ចំពោះអ្នកនយោ​បាយ បើមិនចេះនិយាយកុហកគេខ្លះធ្វើម៉េចគេនឹងឆាប់ជឿហើយបោះឆ្នោតឲ្យ។ មិនតែប៉ុណ្ណោះ ពាក្យកុហកខ្លះក៏ធ្វើឲ្យមនុស្សមានរបៀបរបបសីលធម៌វិន័យថ្លៃថ្នូរផងដែរ ដូចជាចាស់ៗតែងកុហក​ក្មេងថាស៊ីបាយដេកដុះកន្ទុយជាក្រពើជាដើម ក្នុងគោលបំណងចង់ឲ្យក្មេងមានសណ្តាប់ធ្នាប់ល្អ​ក្នុងពេលទទួលទានអាហារ។​ ល។ មួយវិញទៀតការនិយាយពាក្យពិតនៅពេលខ្លះធ្វើឲ្យមនុស្ស​ស្លុត ភិតភ័យក៏មានដូចជាហោរាទស្សន៍ទាយកាលបើគន់គូរឃើញថាអ្នកទាយនោះមានគ្រោះ​អាសន្នខ្លាំងហើយនិយាយត្រង់ៗនោះអាចឲ្យអ្នកទាយភិតភ័យខ្លាំង ហើយនឹកឃើញតែសម្តីហោរ​ក្លាយទៅជាឈឺក៏មាន។ បើយើងក្រលេកមើលនៅក្នុងអក្សរសិល្ប៍រឿងតាថេន និងចៅសន យើង​ឃើញថាតាថេន និងបក្សពួកដើរកុហកបោកប្រាស់អ្នកស្រុកថាខ្លួនជាគ្រូសិល្ប៍ខ្លាំង ពូកែអាច​បណ្តេញព្រាយបិសាចបាន អ្នកស្រុកក៏ជឿស្លុងហើយនាំគ្នាយកបាយសំលនំចំណីមាសប្រាក់ទៅ​ឲ្យតាថេនគ្រប់ៗគ្នា។ ចំណែកចៅសនឃើញតាថន និងបក្សពួកលួចផឹកស្រា ស៊ីសាច់ក៏យក​ដំណើរនេះទៅប្រាប់អ្នកស្រុកត្រង់ៗ តែផ្ទុយទៅវិញគ្មានអ្នកណាម្នាក់ជឿចៅសនឡើយ ថែមទាំង​ចាប់ចៅសនយកទៅឲ្យតាថេនវាយធ្វើបាបយ៉ាងដំណំថែមទៀតផង។​ ចៅសនទ្រាំនឹងរំពាត់លែង​បានក៏និយាយកុហកតាមតាថេនប្រាប់ទើបរួចខ្លួន។ ចំណែកនៅក្នុងរឿងព្រះវេស្សន្តរជាតកវិញ នាងមទ្រីបានយល់សុបិនចម្លែក ហើយប្រាប់ទៅព្រះវេស្សន្តរកាត់សប្តិឲ្យព្រះវេស្សន្តរទ្រង់ដឹង​ច្បាស់ថាសុបិននិម្មិតនោះមិនល្អទេ តែព្រះអង្គខ្លាចនាងមទ្រីពិបាកព្រះទ័យក៏បង្វែរថាជារឿងល្អ​ទៅ​វិញ។ រីឯតាជូជកក្នុងពេលមានអសន្ននោះ បើគាត់មិនរកវិធីនិយាយកុហកចេតបុត្រទេប្រាកដ​ជា​នឹងត្រូវស្លាប់កណ្តាលព្រៃជាមិនខាន។ សរុបសេចក្តីមកយើងឃើញថាពាក្យកុហកមិននាំទុក្ខដល់​ខ្លួនវិញទេ ថែមទាំងជួយឲ្យមានសេចក្តីសុខទៀតផង។
         ឆ្លងតាមការវិភាគវែកញែកនូវមតិស្រប និងមតិផ្ទុយយើងឃើញថាពាក្យកុហកនាំមកនូវផល​ល្អផង ផលអាក្រក់ផងទៅតាមកាលៈទេសៈដែលអ្នកនិយាយត្រូវប្រើ និងត្រូវដឹងឲ្យច្បាស់លាស់។ ដូចនេះប្រធានខាងលើមានលក្ខណៈត្រឹមត្រូវដែរ ប៉ុន្តែពុំទាន់គ្រប់ជ្រុងជ្រោយទាំងស្រុងនៅឡើយ​ទេ។ តែទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា មិនត្រូវពោលពាក្យ​មិនពិតណាដែលនាំឲ្យវិនាសអន្តរាយដល់អ្នកដទៃ ហើយត្រូវចងចាំថា "អណ្តាតជាអាទិ៍កន្លង បាន​សុខទុក្ខផងក៏ដោយសារអណ្តាត"។

សូមស្វាគមន៍មកកាន់ប្លុក "KH Knowledge"


សូមស្វាគមន៍មកកាន់ប្លុក "KH Knowledge"។ ប្លុកនេះជាប្លុកទី១របស់ខ្ញុំ ដែលបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយពីកម្រិតសរសេរសំណេរតែងសេចក្តីរបស់កូនខ្មែរឲ្យមានការរីកចម្រើនឡើងវិញ។ 

"ចូរចងចាំថា ដើម្បីចេះសរសេរតែងសេចក្តី អ្នកត្រូវឧស្សាហ៍ព្យាយាមអានសៀវភៅឲ្យបានច្រើន ហាត់សរសេរឲ្យបានច្រើន និងមានស្វ័យកែលំអជាប្រចាំ។" -- គ្រុយ​ ចាន់ធឿន
"ភាពជោគជ័យមិនដែលមាន នៅពេលដែលអ្នកទើបនឹងចាប់ផ្តើមម្តងនោះទេ។ ហើយបរាជ័យម្តង ក៏មិនដែលមានន័យថាបរាជ័យរហូតនោះដែរ។ ដួលម្តង ចូរចាត់ទុកថានោះជាមេរៀនក្នុងជីវិត មិនត្រូវរាថយឡើយ ព្រោះគ្មានអ្វីដែលមនុស្សធ្វើមិនបាននោះទេ។" --គ្រុយ​ ចាន់ធឿន (ម្ចាស់ប្លុកនេះ)
ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងគាំទ្រប្លុកនេះ ហើយសូមជូនពរឲ្យអ្នកទទួលបាននូវជោគជ័យក្នុងជីវិត។

រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា


         កាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយ ចៅទាំងពីរនាក់បានបបួលគ្នា ទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំដ៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជា​កន្លែងដាក់អន្ទាក់ អ្នកមួយថា "ខ្ញុំនឹងដាក់គល់ឈើេនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើ​នេះ"។ អ្នកមួយឆ្លើយថា "ខ្ញុំក៏ចង់ដាក់នៅកន្លែងនឹងដែរ ប៉ុន្តែឥឡូវនេះបើអ្នកដាក់នឹងគល់ឈើ មាន​តែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង"។ និយាយគ្នាហើយ​ម្នាក់ដាក់នៅគល់ឈើ ម្នាក់ទៀតឡើងដាក់នៅចុងឈើស្រេចហើយវិលមកផ្ទះវិញ លាគ្នាទៅផ្ទះ​ដោយខ្លួន។
        ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថា​"តាំងពីដូនតាមកមិនដែលលឺថាអ្នកណាដាក់អន្ទាក់នៅចុងឈើឲ្យជាប់សត្វជើងបួនដែលដើរនៅដី​នោះទេ​ ឥឡូវនេះអញដាក់អន្ទាក់ចុងឈើ តើធ្វើមិចនឹងបានសត្វ? ដូច្នេះត្រូវអញរព្ញកពីពេលមាន់​រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់​ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោកសុភាសេក បើវាមិន​សុខចិត្តដូចម្តេចៗមុខជាកើតក្តីគង់តែដល់សុភាសេកមិនខាន សុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញ​ជាប្រាកដ។
ប្តីប្រពន្ធគិតគ្នាហើយដេកទៅ ដល់មាន់រងាវរព្ញកពីដេក លុបមុខស៊ីស្លាហើយចេញពី​ផ្ទះដើរទៅដល់អន្ទាក់ បានឃើញអន្ទាក់នៅដីជាប់ក្តាន់១ ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់​ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើម ក៏ប្រញាប់វិលមកផ្ទះវិញ។ លុះព្រឹកព្រហាមស្រាងៗឡើង អ្នក​មួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់។ អ្នកមួយឆ្លើយ "កុំរលះរលាំងថ្វីអន្ទាក់​ខ្ញុំៗមិនសង្ឃឹមទេ ដ្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថា បើបានចែកគ្នាស៊ី​ផង"។ ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ ដ្បិតដឹងការណ៍មុន។ អ្នកទាំងពីរនិយាយហើយចុះពីផ្ទះ​ដើរចេញទៅ លុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅដី ឃើញជាប់តែនៅចុងឈើវិញ។ ចៅ​ដែលជាម្ចាស់អន្ទាក់ចុងឈើថា "ន៎! មើលចុះមិនជឿខ្ញុំថាកុំឲ្យដាក់នៅគល់ឲ្យដាក់នៅចុង ឥឡូវ​មើលរបស់អ្នកណាជាប់ហៈ?" ហើយឡើងទៅដោះយកចុះមក នាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នាទៅផ្ទះ​ដោយខ្លួនទៅ។ ឯចៅចែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេក ហើយជំរាបថា "ខ្ញុំហើយនិង​ចៅមួយនោះដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្ស​វៀច ក្តីនេះគង់តែមកដល់លោក ដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះ ខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ"។ សុភាសេកបានសាច់ក្តាន់ហើយឆ្លើយថា"ឯងទៅរកស្លាម្លូមក​ឲ្យឆាប់​ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញៗបង្គាប់វាអីចឹងដែរ បើវាមកមិនទាន់ អញនឹងកាត់សេចក្តី​ឲ្យវាចាញ់បានងាយ ឯងប្រញាប់ទៅចុះ"។ 
        ឯអ្នកដាក់អន្ទាក់នៅគល់ឈើ លុះវិលមកផ្ទះហើយដកដង្ហើមតូច ដកដង្ហើមធំមិនសុខចិត្ត ក៏​យកសេចក្តីទៅប្តឹងសុភាសេកៗក៏បង្គាប់សេចក្តី ដូចបង្គាប់ចៅមុន។ លុះព្រឹកឡើងអ្នកដែលដាក់​អន្ទាក់នៅចុងឈើក៏យកឥវ៉ាន់ទៅដល់មុន។ ឯអ្នកដែលដាក់អន្ទាក់នៅដី ដោយខ្លួនជាអ្នកក្រ​លំបាកតោកយ៉ាកដើររកទិញឥវ៉ាន់ពុំបានពុំទាន់ ភ័យក្រែងខ្លួន ចាញ់គេ ហើយគេចាប់ទោសផងក៏​រត់ពីភូមិមួយ ទៅភូមិមួយបានជួបនឹងសុភាទន្សាយៗសួរថា "មានដំណើរអ្វីបានជារត់ដូច្នេះ? ឈប់​សិន"។ ចៅនោះឆ្លើយថា "លោកអើយអាណិតដោះទុក្ខខ្ញុំផង ដ្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់​អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ ឯគេដាក់នៅចុងឈើ លុះព្រឹកឡើងទៅពុំឃើញអន្ទាក់នៅដីជាប់សត្វ ឃើញនៅឈើជាប់ក្តាន់មួយ ខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកៗគេថាអ្នកណាដើរទៅ​រកឥវ៉ាន់ទៅដល់មុន អ្នកនោះឈ្នះ" ហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាម​តែលោកអាណិតខ្ញុំផង​ សុភាទន្សាយឆ្លើយថា "ណ្ហើយ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ"។ ចៅ​នោះអរ។ លុះដល់ថ្ងៃរសៀលសុភាទន្សាយនាំទៅដល់ផ្ទះសុភាសេកៗស្រែកសួរមកថា "ដូចម្តេចក៏​យូរម្ល៉េះ? សេចក្តីចាញ់គេហើយ"។ សុភាទន្សាយឆ្លើយថា "យើងខ្ញុំបានជាយូរនោះពីព្រោះអាល័យ​តែចាំមើល ត្រីក្រាញ់ហើរឡើងស៊ីស្លឹកអម្ពិល"។ សុភាសេកថា "ពីជីដូនជីតាមកគ្មាននរណាដែល​ឃើញ ដែលលឺថាត្រីក្រាញ់ហើរឡើងស៊ីស្លឹមអម្ពិលទេ"។ សុភាទន្សាយឆ្លើយថា "ពីជីដូនជីតា ពីម៉ែ​ឪបង្កើតមកនរណាដែលឃើញ ដែលលឺថាអន្ទាក់នៅនឹងដីមិនជាប់សត្វ ទៅជាប់អន្ទាក់នៅចុងឈើ​វិញ ហើយសត្វជើងបួនផងដែលលឺទេ? អស់អ្នកស្រុក!"។ ខណៈនោះសុភាសេកស្ងៀម ពុំហ៊ានស្តី​តបឡើយ។ សុភាទន្សាយក៏កាត់សេចក្តីឲ្យចៅដែលជាប់អន្ទាក់នៅនឹងដីឈ្នះ។ ឯសុភាសេកដែល​អង្គុយធ្វើសុភានោះក៏ខ្មាស់គេដោយសារខ្លួនល្មោភជំនូនសាច់ក្តាន់ក៏ស្ងៀម បែរមុខផ្ទប់ទៅនឹង ជញ្ជាំងដូចឆ្មាលបកណ្តុរ៕
"ល្មោភឥតខ្មាស វិនាសច្បាប់"

អក្សរសិល្ប៍ខេមរនិយម ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈជាតិខ្មែរ

​​​​​​​​                                                        
      វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវី​អ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដា្ឋនខ្លះបានលើកឡើងថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។
         តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ?

         ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយចំណោទបញ្ហារបស់ប្រធានខាងលើឲ្យកាន់​តែជាលក្ខណៈពិស្តារប្រកបដោយខ្លឹមសារកាន់តែបានស៊ីជម្រៅមួយកម្រិតទេ្វឡើងទៀតនោះ គេចាំបាច់ត្រូវតែយល់ជាមុនសិននូវអត្ថន័យនៃពាក្យ “លក្ខណៈជាតិនៃអក្សរសិល្ប៍” ,  “ចារឹក” និង “អត្តសញ្ញាណជាតិខ្មែរ”។ ពាក្យថា “លក្ខណៈជាតិនៃអក្សរសិល្ប៍” គឺជាលក្ខណៈពិសេសរបស់​ជាតិនីមួយៗលេចធ្លោខុសពីជាតិដទៃដែលស្តែងចេញតាមរយៈអក្សរសិល្ប៍។ ចំពោះពាក្យថា “ចារឹក” នោះគឺការសរសេរ ចារ កត់ត្រា បង្ហាញ។ ដោយឡែកពាក្យថា “អត្តសញ្ញាណជាតិខ្មែរ” បានដល់សញ្ញាដែលធ្វើឲ្យគេស្គាល់ពីខ្មែរ។ មតិដែលវិភាគឃើញដោយប្រធានខាងលើមានអត្ថ​ន័យចង់និយាយថាគេអាចស្គាល់ជាតិខ្មែរបានដោយរំពឹងមើលទៅក្នុងលក្ខណៈជាតិរបស់អក្សរ​សិល្ប៍។ 
         ជាមួយនឹងការសិក្សាចលនាអក្សរសិល្ប៍រួចមកហើយ បានជាមូលហេតុដែលធ្វើឲ្យស្រទាប់​យុវវ័យខ្មែរអ្នកសិក្សាផ្តោតការយល់ឃើញរបស់ខ្លួនថា “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្ត​សញ្ញាណខ្មែរ”។ ពិតដូចការលើកឡើងរបស់មតិខាងលើនេះមែន គេអាចស្គាល់ជាតិខ្មែរបានជា​ប្រត្យក្សតាមរយៈលក្ខណៈជាតិខ្មែរដែលគេកត់ត្រាឃើញក្នុងរឿងរ៉ាវអក្សរសិល្ប៍។ យ៉ាងណាមិញបើគេសិក្សារឿងភូមិតិរច្ឆាន គេនឹងបានស្គាល់ខ្មែរតាមរយៈជំនឿដែលជាទូទៅ​មនុស្សខ្មែរតែងតែជឿលើវត្ថុសក្តិសិទ្ធិ មានទម្លាប់ក្នុងការបន់ស្រន់ បួងសួងដូចនៅក្នុងរឿង​ភូមិតិរច្ឆាន គេឃើញថាពួកទាហានបារាំងដែលមានទាហានខ្លះជុះអាចម៍រាករូស គ្រុនក្តៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមិនគោរពវត្ថុសក្តិសិទ្ធិដែលនៅថែរក្សាវិហារព្រះកែវមរកត។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់គេឃើញថាមាននារីខ្លះដែលមានសង្សាចុះកប៉ាល់ទៅច្បាំងនៅស្រុកបា​រាំង​បានលួចទៅបន់ស្រន់ព្រះអង្គដងកើ​ឲ្យបារមីព្រះអង្គទៅជួយគាំពារ ធានាថែរក្សាសង្សាឲ្យឆាប់​មក​ស្រុកខ្មែរវិញ។ ក្នុងរឿងដដែលនេះ​គេឃើញមនុស្សខ្មែរមានជំនឿលើអព្ភូតហេតុធម្មជាតិដូចបានបង្ហាញថាមានរន្ទះបាញ់ចេតិយព្រះវិ​ហារព្រះកែវមរកតខាងត្បូង។ តាមជំនឿគេថាស្រុកនឹងកើតគ្រោះវឹកវរ ចលាចល ឬកើតមានហេតុ​ទុរភិក្ស។ ដំណើររឿងបាន​បង្ហាញ​នូវជំនឿរបស់ខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ខណៈ​ពេល​ដែលគេរត់ទៅ​ពួន​​នៅលើភ្នំតាបាំង អ្នកភូមិក្រាំងលាវបានយកដីនៅតាមក្រហែងថ្ម​មកបាចសាចលើក្បាលដើម្បីឲ្យព្រះធរណីជួយបិទបាំង កុំឲ្យបារាំងឃើញ។ បើគេនិយាយពី​លក្ខណៈជាតិខ្មែរនោះគេពុំភ្លេចទាល់តែសោះឡើយថាខ្មែរគឺជាប្រជាជាតិមួយដែលមានទម្លាប់ជា​ទំនៀមក្នុងការចូលចែចូវ ចូលស្តីដណ្តឹងដូចជាសុវណ្ណដែលជាពោះម៉ាយកូនមួយបានឲ្យមេបា​ចាស់ទុំចូលទៅស្តីដណ្តឹងនាងតំ ក្រមុំសៅកែមកជាគូដណ្តឹង ជាប្រពន្ធទី២របស់ខ្លួនប៉ុន្តែបើគេមើល​មក​ក្នុងរឿងទុំទាវ នោះគេនឹងឃើញពីលក្ខណៈជាតិរបស់ខ្មែរនៅសម័យលង្វែក គឺមនុស្សខ្មែរមានទម្លាប់របស់ខ្លួនមួយគឺថាបើអ្នកមានកូនប្រុសគេទម្លាប់ឲ្យចូលសាងផ្នួស។ បើបួសជាសាមណេរដូចនេនទុំ និងនេនពេជ្រគឺបួសដើម្បីសងគុណម្តាយ តែបើបួសជាភិក្ខុគឺបួស​ដើម្បីសងគុណឪពុក។ បើនិយាយពីរឿងជំនឿវិញ គេឃើញថាខ្មែរនាសម័យលង្វែកនិយមជឿលើ​មន្តអាគម អូមអាមដូចនាយទុំទៅស្មូត្រនៅផ្ទះម្តាយទាវបានដាក់មន្តសារិកាលិនថោងឲ្យពិរោះ​ក្រអួនដើម្បីទាក់ទាញអ្នកស្តាប់ឲ្យចេះតែចូលចិត្តស្តាប់។ ដោយឡែកចំណែកអ្នកមានកូនស្រី ដូចករណីម្តាយទាវតែងទម្លាប់ឲ្យកូនស្រីចូលម្លប់។ បើគេរំពឹងសំលឹងមើលមកក្នុងវិស័យជំនឿ គេឃើញមនុស្សសម័យលង្វែកនិយមជឿលើមន្តអាគមផង ជឿលើការទស្សទាយផងដូចព្រះគ្រូ​ចៅ​អធិការវត្តវិហារធំ មុនពេលឲ្យទុំលាចាកសិក្ខាបទ លោកគ្រូបានទាញក្តារ ទាញដីសមកគូស​វៀស​លេខអត្តមើលជោគជតារាសីជាមុនសិន។សិក្សាអំពីប្រពៃណីឃើញថាសង្គមខ្មែរសម័យ​លង្វែកមានប្រពៃណីជាក់លាក់របស់ខ្លួនដោយអនុវត្តតាមទស្សនៈ “នំមិនធំជាងនាឡិ” ដែលមាតា​បិតាដែលមានកូនប្រុសកូនស្រីមិនផ្តល់សិទ្ធិស្វ័យសម្រេចឲ្យកូនៗនោះទេ គឺឪពុកម្តាយជាអ្នក​សម្រច​​អ្វីៗគ្រប់យ៉ាង។ ទំនៀមទម្លាប់នោះក៏ដូចជាសម័យបច្ចុប្បន្នដែរគឺកូនប្រុសត្រូវតែចុលខ្លួន​ទៅរៀបការនៅផ្ទះខាងកូនស្រី ដូចករណីម៉ឺនងួនត្រូវរៀបការជាមួយនឹងនាងទាវនៅផ្ទះខាងស្រី។ ចំពោះសាសនាវិញគេឃើញសង្គមខ្មែរសម័យលង្វែកផ្តោតជំនឿលើព្រះពុទ្ធសាសនានិកាយហិន​យានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ពុទ្ធសាសនានេះដែរ។
        ដូចនេះបើនិយាយឲ្យខ្លីក្នុងអត្ថន័យជាសរុបសេចក្តីមកឃើញថាតាមរយៈលក្ខណៈជាតិខ្មែរ​ដែលកវីនិពន្ធបានកត់ត្រាក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរនានាសុទ្ធសឹងតែជាសញ្ញាសំគាល់ឲ្យគេ​ស្គាល់មនុស្សខ្មែរបានដោយងាយ។
     យោងតាមបណ្តាហេតុផលដែលបានលើកបង្ហាញរួចហើយខាងលើ​ អាចឲ្យយើងធ្វើការវិនិច្ឆ័យ វាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតជាមានអត្ថន័យត្រឹមត្រូវសមស្របដែលយើងអាច​ទទួលបានដោយហេតុថាអក្សរសិល្ប៍ខ្មែរមានសារៈសំខាន់ដូចខាងលើទើបតម្រូវឲ្យយុវសិក្ខាកាម​ជនលើកស្ទួយវប្បធម៌ អក្សរសាស្ត្រសីលធម៌ដូចជា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។
ប្រធានបទធ្លាប់ចេញប្រឡង (បាក់ឌុប ឆ្នាំ២០១៤)។

វប្បធម៌ទូទៅ ១

ប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានីភ្នំពេញ
សម័យប្រឡង ១៣-១៤ មីនា ឆ្នាំ ២០០៨

  1. ដូចម្តេចដែលហៅថាសិប្បកម្មសិល្បៈ? ចូរលើកឧទាហរណ៍ឲ្យបាន៥ប្រភេទ។
  2. បុព្វបុរសខ្មែរតែងតែបានប្រៀនប្រដៅយើងឲ្យចាប់អារម្មណ៍លើគុណ៦យ៉ាង។ តើមានគុណ​អ្វីខ្លះ?
  3. តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចណ៍? តើអ្នកត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់​កុំឲ្យមានគ្រោះថ្នាក់ចរាចណ៍? តើសញ្ញាណាខ្លះដែលចាត់ទុកថាជាសញ្ញាចរាចរណ៍?
  4. តើនៅក្នុងបារីមានសារធាតុគីមីពុលសំខាន់ៗប៉ុន្មាន? ចូររៀបរាប់ពីផលប៉ះពាល់របស់វា។
  5. តើរមណីយដ្ឋាននៅប្រទេសកម្ពុជាមានប្រភេទអ្វីខ្លះ? តើយើងត្រូវធ្វើដូចម្តេចខ្លះ ដើម្បីអភិ​វឌ្ឍ​វិស័យទេសចរណ៍?
  6. ក. ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៨ អភិបាលក្រុងភ្នំពេញបានរៀបចំពិធីបុណ្យមួយនៅសួនច្បារ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ តើពិធីបុណ្យនោះឈ្មោះអ្វី? ខ. ពិធីបុណ្យនោះ​បានធ្វើស្របទៅនឹងបុណ្យពុទ្ធសាសនាមួយ។ តើបុណ្យពុទ្ធសាសនានោះមានឈ្មោះដូច​ម្តេច? ចូរនិយាយប្រវត្តិសង្ខេបដែលធ្វើឲ្យមានពិធីបុណ្យពុទ្ធសាសនានេះផង។
ចម្លើយ៖
  1. សិប្បកម្មសិល្បៈ គឺជាសិល្បៈដែលគេយកឧបករណ៍ធ្វើដោយដៃយកទៅសម្តែង។ របាំដែល​គេប្រើឧបករណ៍ដែលធ្វើដោយដៃ យកមកសម្តែងមានរបាំនេសាទ (អង្រុត ឈ្នាង), របាំបេះ​តែ របាំគោះត្រឡោក របាំគោះអង្រ្កង...។
  2. បុព្វបុរសខ្មែរប្រៀនប្រដៅឲ្យចាប់អារម្មណ៍លើគុណ៦យ៉ាងគឺ៖ គុណឪពុក (មានឪពុកបង្កើត​ ឪពុកក្មេក ឪពុកចិញ្ចឹម អាណាព្យាបាលប្រុស), គុណម្តាយ (មានម្តាយបង្កើត ម្តាយក្មេក ម្តាយចិញ្ចឹម អាណាព្យាបាលស្រី), គុណបង គុណមហាក្សត្រ គុណអ្នកដឹកនាំដែលឃុំគ្រង​រក្សា, គុណគ្រូបាធ្យាយ ដែលធ្លាប់បានផ្តល់ចំណេះដឹងសព្វសារពើស្របតាមគតិបណ្ឌិតដល់​យើង, គុណញាតិមិត្តជាអ្នកជិតឆ្ងាយ ភូមិផងរបងជាមួយដែលធ្លាប់ជួយយើងពេលមានអា​សន្ន, គុណព្រះរតនត្រៃដែលផ្តល់នូវការអប់រំ បន្ទុំចិត្តយើងឲ្យបានល្អប្រសើរ។
  3.  កត្តាដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺ៖ កត្តាមនុស្ស (បើកបរគ្មានការប្រុងប្រយ័ត្ន), កត្តាយានយន្ត (ខូចហ្វ្រាំង ខូចចង្កូត បែកកង់), កត្តាផ្លូវថ្នល់ (ផ្លូវខូច ផ្លូវចង្អៀត), កត្តាអាកាសធាតុ (អាកាសធាតុមិនល្អ មានភ្លៀង)។ ដើម្បីទប់ស្កាត់គ្រោះ​ថ្នាក់ចរាចរណ៍យើងត្រូវគោរពច្បាប់ចរាចរណ៍ ចេះយល់អធ្យាស្រ័យគ្នា។ សញ្ញាចរាចរណ៍​អាចជា ស្លាកសញ្ញាតាមចិញ្ចើមថ្នល់ គំនូសសញ្ញាលើទ្រូងថ្នល់ ភ្លើងសញ្ញាចរាចរណ៍ សញ្ញា​ដោយដៃ ភ្នាក់ងារនគរបាលចរាចរណ៍កន្លែងរង្វង់មូល តម្រុយមែកឈើ ឬក្រណាត់...។
  4. នៅក្នុងផ្សែងបារីមានសារធាតុគីមីសំខាន់ៗបួនក្រុមគឺ៖ នីកូទីន (ជាសារធាតុបណ្តាលឲ្យ​ញៀន និងបណ្តាលឲ្យកើតជម្ងឺបេះដូង និងជម្ងឺសសៃឈាម), កាបូនម៉ូណូអុកស៊ីត (ជា​សារធាតុកាត់បន្ថយអុកស៊ីសែននៅក្នុងសារពាង្គកាយ), ជ័រថា (សារធាតុគីមីដែលបណ្តាល​ឲ្យកើតជម្ងឺមហារីក), សារធាតុពុលចំពោះរោមញ័រ (បណ្តាលឲ្យកើតជម្ងឺហើមសួត និងមហា​រីក)។
  5. រមណីយដ្ឋាននៅប្រទេសកម្ពុជាមាន៤ប្រភេទគឺ៖ រមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋាន​វប្បធម៌ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ។ ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ យើង​ត្រូវ៖ រៀបចំការពារសន្តិសុខ, កសាងស្ពាន ថ្នល់ឲ្យបានស្អាតល្អ, រៀបចំថែរក្សា ការពារបរិ​ស្ថាន, អភិវឌ្ឍន៍ធនធានមនុស្ស, ពង្រីករមណីយដ្ឋានឲ្យបានច្រើន, ផ្សព្វផ្សាយពីវឌ្ឍនភាព​នៃវិស័យទេសចរណ៍, ផ្តល់សេវាកម្មបម្រើដោយមានជំនាញជាក់លាក់។
  6. ក. ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៨ អភិបាលក្រុងភ្នំពេញបានរៀបចំពិធីបុណ្យមួយនៅសួនច្បារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺពិធីសម្ភោធបើកបូជនីយដ្ឋានរូបសំណាក សម្តេចព្រះសង្ឃរាជជួន ណាត និងរូបសំណាកអ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ។ ខ. ពិធីនេះ​ប្រព្រឹត្តទៅចំថ្ងៃបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយគឺបុណ្យ មាឃបូជា។ បុណ្យមាឃបូជាគឺប្រា​រព្ធឡើងនៅថ្ងៃពេញបូរមី ១៥កើត ខែមាឃ រៀងរាល់ឆ្នាំ ដែលទាក់ទងនឹងប្រវត្តិសំខាន់៧​យ៉ាងគឺ៖ ជាថ្ងៃមាឃនក្ខត្តឫក្សគឺព្រះចន្ទភ្លឺច្បាស់ល្អ, ជាថ្ងៃភិក្ខុសង្ឃចំនួន ១២៥០អង្គមកជួប​ជុំគ្នាដោយឥតបានណាត់ទុក, ភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្តខីណាស្រពបួសជា​ឯហិភិក្ខុ, ជាថ្ងៃដែលព្រះពុទ្ធគ្រប់ៗអង្គទ្រង់សម្តែងនូវឱវាទប្បាដិមោក្ខ, ជាថ្ងៃដែលព្រះសារី​បុត្រ អង្គសាវ័កស្តាំបានសម្រេចធម៌ជាន់ខ្ពស់, ជាថ្ងៃដែលព្រះអង្គទ្រង់ស្ថាបនាអង្គសាវ័ក​ទាំង​ពីរ (ព្រះសារីបុត្រ អង្គសាវ័កស្តាំ និងព្រះមោគ្គល្លាន អង្គសាវ័កឆ្វេង), ជាថ្ងៃដែលព្រះពុទ្ធជា​ម្ចាស់ទ្រង់ដាក់អាយុសង្ខារមុនចូលបរិនិព្វានបីខែ។

ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ (ប្រធានបែបពិភាក្សា)

ប្រធាន៖ មានទស្សនៈមួយពោលថា "ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។ តើមតិនេះត្រឹម​ត្រូវដែរ ឬទេ? ចូរពិភាក្សាដោយលើកយកសេចក្តីអះអាងមកប...